ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត

រ៉ាយយ៉ាដ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅក្នុងតំបន់ រ៉ាស តានូរ៉ា (Ras Tanura) នៅតាមបណ្តោយឆ្នេរភាគខាងកើត ភាគខាងលិចច្រកសមុទ្រហ័រមូស ដែលបណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គួររំលឹកថា កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមហ៊ុន Aramco ទើបតែបានចាប់ផ្តើមដំណើរការផ្ទុកប្រេងឆៅនៅចំណត Ras Tanura ឡើងវិញ បន្ទាប់ពីប្រតិបត្តិការនៅទីនោះត្រូវបានផ្អាកអស់រយៈពេលជិត ៤ខែមកហើយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ អាជ្ញាធរពាក់ព័ន្ធកំពុងសហការគ្នាដើម្បីបើកការស៊ើបអង្កេត ស្វែងរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានការធ្លាក់ឧទ្ធម្ភាគចក្រនេះ។
បច្ចុប្បន្ន ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក កំពុងប្រញាប់ប្រញាល់បង្កើនសកម្មភាពដឹកជញ្ជូនប្រេងរបស់ខ្លួន ខណៈដែលបណ្តាប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ា ក៏កំពុងបង្កើនទិន្នផល និងការនាំចេញផងដែរ៕

