ហ្វីលីពីននិងវៀតណាម សម្រេចដំឡើងកម្រិតទំនាក់ទំនង ដល់ភាពជាដៃគូយុទ្ធសាស្រ្តកាន់តែរឹងមាំជាងមុនថែមទៀត

ម៉ានីល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា ហ្វីលីពីននិងវៀតណាម សម្រេចដំឡើងកម្រិតទំនាក់ទំនង ដល់ភាពជាដៃគូយុទ្ធសាស្រ្តដែលកាន់តែរឹងមាំជាងមុនថែមទៀត ហើយបានគូសបញ្ជាក់ជាថ្មីថា ការប្តេជ្ញារួមរបស់ប្រទេសទាំងពីរ ចំពោះសុខសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង គឺនៅតែជារឿងមិនអាចតថ្លៃបានដាច់ខាត។
លោក Marcos បានថ្លែងដូចខាងលើ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចមកកាន់ទីក្រុងម៉ានីល ដោយមេដឹកនាកំពូលវៀតណាម លោក To Lam។
លោកប្រធានាធិបតីហ្វីលីពីន បាននិយាយថា ច្បាស់ណាស់ហ្វីលីពីននិងវៀតណាម យល់ឃើញដូចគ្នាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ នៅក្នុងតំបន់របស់ប្រទេសទាំងពីរ ហើយភាពជាដៃគូរវាងភាគីទាំងពីរ កាន់តែមានសារសំខាន់ខ្លាំងឡើង ស្របពេលតំបន់របស់ខ្លួន ឆ្លងកាត់ស្ថានការណ៍ពិភពលោក ដែលប្រែប្រួលមិនទៀងទាត់។
លោក Marcos បាននិយាយថា ទីក្រុងម៉ានីលនិងទីក្រុងហាណូយ បានគូសបញ្ជាក់ជាថ្មីថា ការរក្សាសន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ក៏ដូចជាការហោះហើរឆ្លងកាត់ នៅសមុទ្រចិនខាងត្បូង គឺនៅតែជារឿងមិនអាចចរចាបានឡើយ។
លោកបានបន្ថែមទៀតថា ប្រទេសទាំងពីរបន្តប្តេជ្ញាយ៉ាងមុតមាំ ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ជាពិសេសសន្ធិសញ្ញាច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ស្តីពីសមុទ្រចិនខាងត្បូងកាលពីឆ្នាំ ២០១៦។
ឆ្មាំសមុទ្រហ្វីលីពីននិងវៀតណាម បានធ្វើការហ្វឹកហ្វឺនរួមគ្នាជាលើកដំបូងកាលពីឆ្នាំ ២០២៤ ទោះមានការទាមទារត្រួតស៉ីគ្នានៅតំបន់មួយចំនួន ក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។
គួរបញ្ជាក់ថា វៀតណាមគឺជាដៃគូយុទ្ធសាស្រ្តតែមួយគត់របស់ហ្វីលីពីន នៅក្នុងតំបន់អាស៊ាន ក្រោយប្រទេសទាំងពីរបានដំឡើង ទំនាក់ទំនងដល់កម្រិតនោះ កាលពី១០ឆ្នាំមុន៕


