ម៉ាឡេស៊ី សម្រេចទប់ស្កាត់ការនាំចូលគ្រឿងសមុទ្ទមួយចំនួនពីប្រទេសថៃ

គូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានសម្រេចចិត្តទប់ស្កាត់ការនាំចូលគ្រឿងសមុទ្ទមួយចំនួនពីប្រទេសថៃ ដែលនេះប្រៀបបាននឹងព្យុះសង្ឃរា កំពុងបក់បោកយ៉ាងខ្លាំងលើប្រាក់ចំណូលរបស់ក្រុមអ្នកចិញ្ចឹម និងនាំចេញគ្រឿងសមុទ្ទថៃ។
វិធានការនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យតម្លៃគ្រឿងសមុទ្ទថៃធ្លាក់ដុនដាប និងខាតបង់ប្រាក់ចំណូលរាប់លានដុល្លារ ក្នុងមួយប៉ប្រិចភ្នែក ខណៈព្រំដែនផ្លូវគោក ផ្លូវទឹក ជាមួយប្រទេសកម្ពុជាបន្តបិទទ្វារ មិនអាចឱ្យទំនិញឆ្លងកាត់បាន។
រាជរដ្ឋាភិបាលរាជធានីគូឡាឡាំពួរ បានបញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខនេះតទៅ រាល់ការនាំចូលត្រីកែស ឬត្រីតម្បារ (Seabass) ពីប្រទេសថៃ ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់ការវិភាគគុណភាពជាដាច់ខាត។ អ្វីដែលរឹតតែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ មន្ត្រីម៉ាឡេស៊ី បានសម្រេចផ្អាកការនាំចូលជាបណ្ដោះអាសន្នទាំងស្រុងលើបង្គាចំនួន៥ប្រភេទ រួមមាន៖ បង្គា–ខ្លា បង្គា–ប៉ារ៉ា បង្គា–ស និងបង្គា–ខ្លឹង រហូតទាល់តែអាជ្ញាធរថៃចេញមុខមកបកស្រាយ និងឆ្លើយតបឱ្យបានច្បាស់លាស់ ជុំវិញសំណួរពាក់ព័ន្ធនឹងស្ដង់ដារសុវត្ថិភាពចំណីអាហារ។
នេះសបញ្ជាក់ឱ្យឃើញថា វិបត្តិសេដ្ឋកិច្ចប្រទេសថៃ កាន់តែធ្ងន់ធ្ងរទៅៗ ក្រោមការដឹកនាំរបស់លោក អនុទីន ឆានវីរកុល ជានាយករដ្ឋមន្ត្រី ខណៈចលនាបាតុកម្មនៅរាជធានីបាងកក ស្នើឱ្យលោកអនុទីន ចុះចេញពីតំណែងក៏ចាប់ផ្តើមលេចឡើងជាថ្មីផងដែរ។
មូលហេតុពិតប្រាកដដែលនាំឱ្យប្រទេសម៉ាឡេស៊ី ដាក់ចេញវិធានការបន្ទាន់ដល់អ្នកជិតខាងខ្លួននេះ គឺដោយសារតែការរឹតបន្តឹងលើ «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារជាតិ» ដើម្បីធានាថា គ្រឿងសមុទ្ទដែលហូរចូលទីផ្សារក្នុងស្រុក មានគុណភាពខ្ពស់ និងគ្មានផ្ទុកសារធាតុគីមី ឬជំងឺដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់៕
