អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាប្រកាសបដិសេធទាំងស្រុង នូវការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានបើកការវាយប្រហារទៅលើជនស៊ីវិល និងមន្ទីរពេទ្យ

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ ដែលថា កម្ពុជាបានវាយប្រហារទៅលើជនស៊ីវិល និងមន្ទីរពេទ្យរបស់ខ្លួន និងបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។
ឯកឧត្ដមអ្នកនាំពាក្យបញ្ជាក់ថា “ពាក់ព័ន្ធនឹងការផ្សាយរបស់ប្រព័ន្ធឃោសនារបស់ថៃ ដែលបានផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ ដែលបានលើកឡើងថា ក្រសួងការបរទេសថៃ បានប្រកាសថា ថៃកំពុងតែត្រៀមរៀបចំដើម្បីធ្វើការប្ដឹងតវ៉ាទៅ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ហើយប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាយ.ស៊ី.ស៊ី ចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគឺចោទដោយគ្មានមូលដ្ឋានសំអាងថា កម្ពុជាបានវាយប្រហារទៅលើជនស៊ីវិល និងមន្ទីរពេទ្យ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ”។
ឯកឧត្ដម ជុំ សុន្ទរី បានបន្ថែមថា ការអះអាងរបស់ប្រទេសថៃ ដែលថា កងកម្លាំងកម្ពុជាបើកការវាយប្រហារដោយមិនរើសមុខលើជនស៊ីវិល និងទីតាំងសាធារណៈ គឺជាការបំភ្លៃការពិតដោយចេតនារបស់ភាគីថៃ ហើយចំពោះការចោទប្រកាន់ថាកម្ពុជា តម្រង់គោលដៅលើជនស៊ីវិល ឯកឧត្ដមបានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ក្នុងការបញ្ចៀសគោលដៅជនស៊ីវិល ស្របតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ឬច្បាប់មនុស្សធម៌អន្តរជាតិ៕
