អាជ្ញាធរខេត្តកណ្ដាល បិទផ្សាយជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ២២ភូមិ ស្មើនឹង ១១,៣០៤ក្បាលដី ក្នុងស្រុកពញាឮ

ភ្នំពេញ៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធថា ការបិទផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)។
លោមបានលើកឡើងបែបនេះក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន២២ភូមិ ស្ថិតក្នុងឃុំភ្នំបាត ឃុំផ្សារដែក ឃុំឈ្វាំង ឃុំកោះចិន ឃុំពញាឮ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងបរិវេនវត្តចេតិយថ្មី។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នាហើយដើម្បីទទួលបានលទ្ធផលចុងក្រោយនេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
លោកបានបន្តទៀតថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។ជាមួយគ្នានោះនោះឯកឧត្តមក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វី ឡើយ។
លោកបានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។
ក្នុងឱកាសនោះលោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា៖ ស្រុកពញាឮ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ២២លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ២២ភូមិ ស្ថិតក្នុងភូមិភ្នំបាត ភូមិវាលថ្មី ភូមិធម្មស្រះ ភូមិឆ្កែលុង ភូមិកំចាត់ព្រាយ ឃុំភ្នំបាតុ, ភូមិអំពិលផ្អែម ភូមិពោធិ៍កំបោរ ភូមិទេពប្រណម្យ ភូមិសាលាកាត់សក់ ភូមិចេតិយទ្រេត ភូមិអំពិលដាំទឹក ភូមិប្រក់ក្ដារ ឃុំវិហារលួង ភូមិភ្នំ ឃុំ ផ្សារដែក, ភូមិតាគោក ភូមិស្រែអំពិល ឃុំឈ្វាំង, ភូមិព្រែកជីក ភូមិកោះចិន ភូមិជ្រោយសំបូរ ឃុំកោះចិន, ភូមិទួលអំពិល ភូមិពញាឮ ភូមិព្រែកល្វា ឃុំពញាឮ, ភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ សរុបចំនួន ១១,៣០៤ក្បាលដី៕

