ចិន ទិតៀនអាមេរិកថា មិនមានឥរិយាបថ ជាមហាអំណាចទាល់តែសោះ

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី លើកឡើងនៅថ្ងៃសុក្រទី៧ មីនាថា ប្រសិនបើប្រទេសធំៗមានផ្នត់គំនិតថា ខ្លួនអាចធ្វើអ្វីក៏បាននោះ វានឹងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ពិភពលោកយ៉ាងធ្ងន់ធ្ងរ ហើយច្បាប់ព្រៃនឹងលេចឡើង ដោយប្រទេសតូចៗ និងទន់ខ្សោយទទួលរងនូវការឈឺចាប់ខ្លាំង។ លោក វ៉ាង ក៏បានទិតៀនអាម៉េរិកថា មិនមានឥរិយាបថជាមហាអំណាចទាល់តែសោះ។
លោក វ៉ាង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«មហាអំណាចគួរតែមានការទទួលខុសត្រូវអន្តរជាតិ និងបំពេញការសន្យាជាសាកលរបស់ខ្លួន»។ លោកលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងសំណួរស្តីពីការចាកចេញរបស់សហរដ្ឋអាម៉េរិកពីស្ថាប័នអន្តរជាតិជាច្រើន ដូចជាអង្គការសុខភាពពិភពលោក និងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
បន្ថែមពីនោះ លោក វ៉ាង បាននិយាយថា៖«ជាដំបូង និងសំខាន់បំផុត មូលដ្ឋានគ្រឹះនៃសមភាពអធិបតេយ្យភាព ត្រូវតែត្រូវបានបង្កើតឡើងនៅលើឆន្ទៈស្មើគ្នានៃសហគមន៍អន្តរជាតិ។ យើងមិនអាចអនុញ្ញាតឱ្យអ្នកខ្លាំងគ្រប់គ្រង និងសម្រេចចិត្តអ្វីគ្រប់យ៉ាង ដោយផ្អែកលើអំណាចរបស់ពួកគេនោះទេ»។ លោកបន្តថា ជាពិសេស អំណាចធំៗគួរតែដឹកនាំដោយគំរូក្នុងការរក្សានូវសុចរិតភាព និងនីតិរដ្ឋ ប្រឆាំងនឹងស្ដង់ដារ២ ហើយមិនគួរចូលរួមក្នុងការគំរាមកំហែង ឧបាយកលទីផ្សារ ឬការលួចប្លន់ឡើយ។
លោក វ៉ាង ក៏បានវាយប្រហារដោយផ្ទាល់ទៅកាន់សហរដ្ឋអាម៉េរិកផងដែរ ចំពោះការមិនមានឥរិយាបទជាមហាអំណាច ដោយបានបង្កសង្គ្រាមពាណិជ្ជកម្ម។ ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមនៃបក្សកុម្មុយនីស្ដចិនរូបនេះ បានបរិយាយថា៖«សហរដ្ឋអាម៉េរិកមិនគួរដាក់ពន្ធគយដោយគ្មានហេតុផលឡើយ។ នេះមិនមែនជាអាកប្បកិរិយារបស់មហាអំណាចគួរធ្វើនោះទេ»។ លោក វ៉ាង បានសង្កត់ធ្ងន់ថា រដ្ឋធានីប៉េកាំង ប្រឆាំងយ៉ាងម៉ឺងម៉ាត់នូវសម្ពាធរបស់សហរដ្ឋអាម៉េរិក។ ដោយលើកតម្កើងកិច្ចសហប្រតិបត្តិការរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងរំហូរសារធាតុហ្វេតានីលចូលទៅកាន់សហរដ្ឋអាម៉េរិក លោក វ៉ាង បាននិយាយថា រដ្ឋធានីវ៉ាស៊ីនតោនមិនគួរតបស្នងគុណដោយការអាក់អន់ចិត្តឡើយ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកការទូតជើងចាស់រូបនេះ លើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក គឺជាទំនាក់ទំនងគ្នាទៅវិញទៅមក។ លោកបានបន្ថែមថា៖«ប្រសិនបើអ្នកជ្រើសរើសកិច្ចសហប្រតិបត្តិការ អ្នកអាចសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។ ប្រសិនបើអ្នកប្រើតែសម្ពាធ ប្រទេសចិននឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់»។
គួរជម្រាបជូនថា ទំនិញរបស់ចិនបច្ចុប្បន្ន ស្ថិតនៅក្រោមការយកពន្ធបន្ថែម២០ភាគរយពេលនាំចេញទៅសហរដ្ឋអាម៉េរិក។ មិនឱ្យចាញ់ចិត្តបងធំអាម៉េរិក មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ លើពិភពលោកចិន បានសងសឹកភ្លាមៗ ដោយបានយកពន្ធពី១០ទៅ១៥ភាគរយលើម្ហូបអាហារ និងផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក ដូចជា សាច់មាន់ ពោត និងកប្បាស។ ប្រទេសកុម្មុយនីស្តនេះ ក៏បានដាក់ការទប់ស្កាត់ការនាំចេញ និងការវិនិយោគលើក្រុមហ៊ុនអាម៉េរិកចំនួន២៥ ដោយហេតុផលសន្តិសុខជាតិ៕

