**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការឈឺចាប់ដែលមិនអាចបំភ្លេចបាន ក្នុងថ្ងៃខួប ៤៧ឆ្នាំ នៃសោកនាដកម្មដែលកើតឡើងចំពោះកូន «កំសត់»

 


ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរសាររៀបរាប់ តាមបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី១០ វិច្ឆិកានេះថា កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២៣)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។

ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។

ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។

ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “ មិត្តឯងមិនមែនគ្រូពេទ្យទេ” “ បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ” “មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ” “ការងារអង្គការសំខាន់ជាងការងារបុគ្គល” ។ល។

ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុកដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា “កំសត់”។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។

ពួកគេបង្ខំឱ្យពុកចាកចេញពីម្តាយកូននិងខ្មោចកូនទាំងការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មីដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា ”សល់សុក”។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបុរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបុរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ ១៩៨០ មក។

រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។

កន្លងមកប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់កូនបានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យ កូនផងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត។

ពុកនៅតែសូមការយោគយល់ពីកូនដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើតាមបញ្ជាររបស់ពួកឃាតករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង