សម្តេចតេជោ៖ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងពិធីបិទ ពិធីបើក និងការប្រកួតផ្សេងៗ គឺមិនត្រូវបានឲ្យលក់សំបុត្រយកលុយពីអ្នកទស្សនានោះទេ ក៏ប៉ុន្តែទាមទារឲ្យអ្នកចូលទស្សនាត្រូវមានសំបុត្រចូលទស្សនាដើម្បីឲ្យការចូលទស្សនាមានរបៀបរៀបរយល្អ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងពិធីបិទ ពិធីបើក និងការប្រកួតផ្សេងៗ គឺមិនត្រូវបានឲ្យលក់សំបុត្រយកលុយពីអ្នកទស្សនានោះទេ ក៏ប៉ុន្តែសម្តេចតេជោទាមទារឲ្យអ្នកចូលទស្សនាត្រូវមានសំបុត្រចូលទស្សនាដើម្បីឲ្យការចូលទស្សនាមានរបៀបរៀបរយល្អ ជាពិសេសកន្លែងអង្គុយទស្សនា។ ដូច្នេះ សម្ដេចតេជោសុំឲ្យគណៈកម្មការរៀបចំការងារនេះឲ្យបានល្អបំផុត។
មានប្រសាសន៍ក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤២៦៤ នាក់ នាល្ងាចថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបម្រើដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះបានទៀត។
សម្តេចតេជោចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ ហើយមិនត្រូវភ្លេចដល់អ្នកដាំ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ផងដែរ ដែលបានជួយសាងសង់ពហុកីឡដ្ឋានមួយដ៏ស្រស់ស្អាត បម្រើដល់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
សម្តេចតេជោ បានរំលឹកជាថ្មីថា ការដែលកម្ពុជាខកខានការធ្វើជាម្ចាស់ផ្ទះជាច្រើនឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានតម្រូវការអភិវឌ្ឍប្រទេស ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
សម្តេចតេជោ បានបន្តថា ក្រោមម្លប់នៃសន្តិភាព គុណតម្លៃនៃសន្តិភាព បានកំណត់គោលដៅ និងប្រធានបទរបស់កីឡាជាមូលដ្ឋានគឺ «កីឡារស់ក្នុងសន្តិភាព»។ កម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលជាកំណត់ត្រាជាប្រវត្តិសាស្ត្រមួយសម្រាប់ជាតិ និងប្រជាជនដែលបានរង់ចាំជាង៦៤ឆ្នាំ(ចាប់តាំងពីឆ្នាំ១៩៥៩-២០២៣)។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដោយសារឃើញស្ថានភាពលំបាករបស់កីឡាករ និងកីឡាការិនី ទើបកន្លងទៅសម្តេចបានចាត់ចែងឱ្យរៀបចំមន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ការព្យាបាលពួកគេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីសុំអោយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយគោរពតាមស្តង់ដារកីឡាផង គោរពតាមទិដ្ឋភាពសង្គមវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងផង។ កិត្តិយសរបស់ម្ចាស់ផ្ទះរៀបចំ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺជាមោទនភាពជាតិ ដែលមិនអាចកាត់ថ្លៃបាន ហើយកិត្តិយសជាតិបានមកពីឆន្ទៈនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់មហាគ្រួសារកីឡាដែលមានវត្តមានចូលរួមនាពេលនេះ។ ពេលវេលានៅសេសសល់មកដល់ពេលនេះ គឺមានតែ ៣២ថ្ងៃទៀតប៉ុណ្ណោះ ដែលពិធីបើកជាផ្លូវការ នឹងចូល មកដល់ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ពេលវេលាសម្រាប់ម្ចាស់ផ្ទះនានាទីចុងក្រោយ ត្រូវការចាំបាច់នូវកម្លាំងសាមគ្គីភាពផ្ទៃក្នុងការងារ គោរពវិន័យការងារ និងតួនាទីភារកិច្ច មានការទទួលខុសត្រូវខ្ពស់ ៕
