រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ នាថ្ងៃទី២៧ មីនា សម្តេចតេជោ បានថ្លែងទៀតថា «រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនា ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាត ចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា។ ជាលទ្ធផលជម្លោះ ឬសង្រ្គាមសាសនា ពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជានោះឡើយ ហើយកម្ពុជាត្រូវបានទទួលស្គាល់ និងទទួលបានការកោតសរសើរ ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះសុខដុមភាពជំនឿសាសនា ដែលកម្ពុជាសម្រេចបាន ជាមួយនឹងការថែរក្សានូវចីរភាពនៃសុខដុមភាពដ៏ប្រពៃនេះ»។
ពាក់ព័ន្ធឥស្លាមសាសនា, សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចក៏បានរៀបចំបង្កើតគណៈជាន់ខ្ពស់នៃសាសនាកម្ពុជា ដែលជាស្ថាប័នកំពូលឥស្លាម។ លើសពីនេះ ក្នុងនាមសម្តេចជានាយករដ្ឋមន្រ្តី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកា និងក្របខណ្ឌគ្រូបង្រៀនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ និងគ្រួសារបងប្អូនខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់រំបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យសាសនា បច្ចេកវិទ្យា និងនវានុវត្តន៍ ៕
