ជនបរទេសស្នាក់នៅកម្ពុជាចាប់ពី២ ឆ្នាំទ្បើងទៅ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែវដោយមិនបង់ថ្លៃ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅកម្ពុជាស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ ដោយមិនបង់ថ្លៃ សម្រាប់ជនជនបរទេស ឬវិនិយោគិនដែលស្នាក់នៅកម្ពុជាចាប់ពី២ ឆ្នាំទ្បើងទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរក្រសួងទេសចរណ៍មានកិត្តិយសជម្រាបជូនដំណឹងដល់សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងជនបរទេសឬវិនិយោគិនដែលស្នាក់នៅកម្ពុជាទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាត ដូចខាងក្រោម៖
១. ផ្តល់ជូនដល់ជនបរទេសទាំងអស់ដែលបាន និងកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពី០២ (ពីរ) ឆ្នាំទ្បើងទៅ រួមមាន៖ មន្រ្តីការទូត វិនិយោគិន មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុននិងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។
២. ចំពោះបែបបទស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំ ម្តងដោយមិនបង់ថ្លៃ អាចធ្វើតាមប្រព័ន្ធអនទ្បាញ (តាមរយៈគេហទំព័រគ្រឹះស្ថានអង្គរ ឬគេហទំព័រ www.spass.angkorenterprise .gov.kh) ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឬមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរក្នុងពេលម៉ោងធ្វើការ ដោយត្រូវភ្ជាប់មកជាមួយនូវ៖
– លិខិតឆ្លងដែនច្បាប់ថតចម្លង ចំនួន១ច្បាប់
– ទិដ្ឋាការស្នាក់នៅកម្ពុជាមានរយៈពេលចាប់ពី២ (ពីរ) ឆ្នាំទ្បើងទៅ ចំនួន ១ច្បាប់
– រូបថត (៤x៦ ) រយៈពេល០៦ខែចុងក្រោយ ចំនួន ១សន្លឹក
សូម សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងជនបរទេស ឬវិនិយោគិនដែលស្នាក់នៅកម្ពុជាទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងផ្សព្វផ្សាយបន្ត៕


