ភូមិព្រែកក្រាញ់ និងភូមិអន្លង់តាសេកលើ នៃស្រុកស្អាង ត្រូវបានបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រពន្ធ

ភ្នំពេញ៖ ក្បាលដីចំនួន២,៦៩៤ក្បាលដី ស្ថិតក្នុងភូមិព្រែកក្រាញ់ និងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២ ដែលមានទីតាំងនៅវត្តពាមប្រជុំ។
លោក ព្រំ ឆាត អនុប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកណ្តាល បាន អំពាវនាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើសូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា
ចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងភូមិខាងលើមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា។
លោកបន្តថា៖ការបិទ ផ្សាយ ជា សាធារណៈ នូវ ឯកសារ នៃ ការវិនិច្ឆ័យមាន លក្ខណៈ ជា ប្រព័ន្ធ នាពេលនេះគឺមាន រយៈពេល ១៥ ថ្ងៃ គិត ចាប់ពី ថ្ងៃទី ១៩ ខែសីហា ដល់ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២ ដោយគិតបញ្ចូល ទាំង ថ្ងៃ ឈប់សម្រាក ផងដែរ ។
លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះ ជា ការកំណត់ ចុងក្រោយ សម្រាប់ អ្នកកាន់កាប់ ដី និង អង្គភាព ពាក់ព័ន្ធ មក ពិនិត្យ ទិន្នន័យ ដើម្បី បញ្ជាក់ថា ទិន្នន័យ ក្បាលដី របស់បងប្អូន ពិតជា ត្រឹមត្រូវដែររឺទេប្រសិនបើ មាន កំហុសឆ្គង ដោយ ប្រការ ណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំ ដី និងប្រភេទ ទ្រព្យ ជាដើម នោះ ម្ចាស់ ដី ត្រូវធ្វើ ការស្នើសុំ កែតម្រូវ ក្នុងកំឡុងពេល ១៥ នេះ ក្រោយពី ការបិទ ផ្សាយ នេះ ចប់ ជា ស្ថាពរ អ្នកកាន់កាប់ ដី និង អង្គភាព ពាក់ព័ន្ធ ទាំងអស់ មិនអាច តវ៉ា បាន ទៀត ឡើយ ។ អាស្រ័យហេតុនេះ ក្រោយពេល ១៥ ថ្ងៃ នៃ ការបិទ ផ្សាយ ត្រូវបាន បញ្ចប់ ក្រុមការងារ ដែល ប្រចាំការ នៅ ទីនោះ សូម ធ្វើការ សហការ ជាមួយ អាជ្ញាធរ ដែនដី ជាពិសេស លោក មេភូមិ សូម ជូនដំណឹង ដល់ ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។
ថ្លែងក្នុងពិធីនោះដែរ លោក ខួត ផល្លា អភិបាលរងស្រុកស្អាង បានមានប្រសាសន៍ថា៖ ការបិទផ្សាយជា សាធារណៈ នូវ ឯកសារ នៃ ការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លី ដែលមាន លក្ខណៈ ជា ប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។
លោកអភិបាលរងស្រុក បានសំណូមពរដល់អជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងស្រុកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានគ្រប់ៗគ្នាដើម្បីបង្ការការឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង និងត្រូវធ្វើអនាម័យជុំវិញលំនៅឋានអោយបានស្អាតជាប្រចាំដើម្បីចៀសអោយឆ្ងាយពីរជំងឺផ្សេងៗពិសេសត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕

