ឧបទូតថ្មី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា រំភើបចិត្តក្នុងការចូលរួមកិច្ចការនានា រួមទាំងកិច្ចសហការដើម្បីថែរក្សា បេតិកភណ្ឌវប្បធម៌កម្ពុជា
ភ្នំពេញ៖ លោក តានិណៃ អ៊ិឈិតុម៉ុ ជាឧបទូតថ្មី ទើបតែបានចាប់ផ្តើមបេសកកម្មការទូត នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសម្ដែងក្ដីរំភើបចិត្ត ក្នុងការចូលរួមកិច្ចការនានា រួមទាំងកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ចាប់ពីពេលនេះតទៅ ។
យោងតាមហ្វេសប៊ុក ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៥ សីហានេះ បានឲ្យដឹងថា ថ្ងៃទី៨ ខែសីហា លោក តានិណៃ អ៊ិឈិតុម៉ុ ជាឧបទូតថ្មី ទើបតែបានចាប់ផ្តើមបេសកកម្មការទូតនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
មុនពេលមកដល់កម្ពុជា លោកបានបំពេញការងារនៅក្នុង វិស័យមួយចំនួនដូចជាពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ ការរំសាយអាវុធ ការមិនរីកសាយភាយអាវុនុយក្លេអ៊ែ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្រសួងការបរទេសក្នុងទីក្រុងតូក្យូ។
លោកក៏ធ្លាប់បំពេញការងារនៅទីក្រុងវីយែន និងវ៉ារស្សាវ៉ាក្នុងនាមជាអ្នការទូត។ លោកធ្លាប់បានសិក្សាពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយក៏ចាប់អារម្មណ៍ខ្លាំងលើប្រទេសទាំងនោះ។
ទោះជាលោកមិនធ្លាប់មកប្រទេសកម្ពុជាពីមុនក៏ដោយ លោកចាប់អារម្មណ៍ពីភាពរស់រវើក និងថាមពលរបស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ៕