ការិយាល័យថ្មីរបស់ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភត្រ្តា

ភ្នំពេញ៖ “ការិយាល័យថ្មីរបស់ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា” ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
លោកជំទាវ សឿន សុជាតា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ឹង គឹមលាង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានអញ្ជើញមកចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ”ការិយាល័យថ្មីរបស់ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា”ផងដែរ ។
តាងនាមថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងអង្គការ និងគម្រោង សិស្ស និងនិស្សិត នៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា លោក នៅ សុកល ប្រធានអង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានសម្តែងនូវគារវកិច្ចកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មាតាបិតា អាណាព្យាបាល ភ្ញៀវអន្តរជាតិ និងសិស្សានុសិស្ស ដែលបានឆ្លៀតឱកាសដ៏មានតម្លៃក្នុងការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការការិយាល័យថ្មីរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា។
ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះលោក នៅ សុកល ប្រធានអង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានធ្វើរបាយការណ៍សង្ខេប ស្ដីពីប្រវត្តិសាវតារបស់អង្គការ និងវឌ្ឍនៈភាពរបស់អង្គការ នៃការចូលរួមធ្វើកិច្ចការងារជួយសង្គម ដែលមានខ្លឹមសារសំខាន់ៗដូចតទៅ៖
អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល និងមិនករប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដោយលោក Aviv Palti និងក្រុមគ្រួសារ ជាជនជាតិ អូស្ត្រាលី ហើយបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១១ ក្រោមចក្ខុវិស័យ លុបបំបាត់ភាពក្រីក្រតាមរយៈការអប់រំ និង បណ្ដុះបណ្ដាល និងលើកកម្ពស់យុវជនអោយក្លាយជាអ្នកដឹកនាំនាពេលអនាគត។ លក្ខណៈពិសេសរបស់អង្គការនេះ គឺគ្រប់គ្រង និងដឹកនាំ ដោយនិស្សិតខ្ពស់របស់អង្គការដែលទទួលបានការបណ្តុះបណ្តាលដោយក្រុមអ្នកស្ម័គ្រចិត្តជនជាតិអូស្ត្រាលី។ សិស្ស និងនិស្សិតអាហារូបករណ៍ទំាងអស់ គឺជាសមាជិកគ្រួសាររបស់អង្គការ ដែលត្រូវបានជួយឧបត្ថម្ភទាំងថវិកានិងផ្ដល់បទពិសោធន៍ការងារតាមរយៈការធ្វើការនៅក្នុងគម្រោងរបស់អង្គការផ្ទាល់។
បច្ចុប្បន្ននេះអង្គការបានផ្ដល់អាហារូបករណ៍ពីរកម្រិតគឺ កម្រិតមធ្យមសិក្សាទុទិយភូមិ និងកម្រិតឧត្តមសិក្សាដល់សិស្សខ្វះខាតមកពីជនបទ ចំនួន ១០៥ នាក់ ក្នុងនោះមានសិស្សវិទ្យាល័យចំនួន ១៦នាក់ (ប្រុស ២នាក់) កំពុងសិក្សានៅសាលាអន្តរជាតិភ្យូឆឺប្រាយ។ សិស្សចំនួន ១៥នាក់(ស្រី ១៣នាក់)កំពុងរៀនត្រៀមថ្នាក់ភាសាអង់គ្លេសចូលសាកលវិទ្យាល័យ។ និស្សិតចំនួន៤៥ នាក់ (ស្រី ២៧នាក់) កំពុងសិក្សាថា្នក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាសាខាខេត្ដសៀមរាប។ លើសពីនេះនិស្សិតចំនួន ២៨ នាក់ (ស្រី ១៨នាក់)បានបញ្ចប់ការសិក្សាថា្នក់បរិញ្ញាប័ត្រជាស្ថាពរ និងកំពុងបន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅទីក្រុងភ្នំពេញចំនួន ២៧នាក់ និងមាននិស្សិតស្រី ១នាក់ ដែលបាននឹងកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យអារីហ្សូណា សហរដ្ឋអាមរិក។ កន្លងមកនេះ យើងមាននិស្សិតដែលបានទទួលអាហារូបករណ៍បន្តការសិក្សាទៅក្រៅប្រទេសនៅសហរដ្ឋអាមេរិក ចំនួន ២នាក់។
ចំពោះការចូលរួមកិច្ចការងារជួយសង្គម យើងមានគម្រោងដែលដឹកនាំដោយ សិស្ស និស្សិតអង្គការផ្ទាល់ និងដែលបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមឱ្យមានភាពល្អប្រសើរដូចជា៖
១.គម្រោង សាងសង់ផ្ទះ ក្រៅពីការសិក្សា រៀងរាល់មួយខែម្ដង សិស្ស និងនិស្សិតរបស់អង្គការ តែងតែចុះទៅសាងសង់ផ្ទះ និងចែកគ្រឿងឧបភោគបរិភោគប្រចាំខែ ដល់គ្រួសារមានជីវភាពខ្វះខាតនៅក្នុងខេត្តសៀមរាប។ ជាលទ្ធផលចាប់ពីឆ្នាំ២០១៩ ដល់២០២១ យើងបានសាងសង់ផ្ទះចំនួន ២៤ខ្នង ជួសជុលបាន ១៨ខ្នង និង ២២ គ្រួសារត្រូវបានបានជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគប្រចាំខែ។
២.គម្រោងប្រូជេកវ៉ាយហ្រ្វូហ្សិនយ៉ូកឺត(Project Y Frozen Yogurt) ជាសហគ្រាសសង្គមដើម្បីការអប់រំ បានបង្កើតឡើងនៅឆ្នាំ២០១៥ ដើម្បីបង្រៀននិស្សិតអោយចេះបង្កើត និងគ្រប់គ្រងអាជីវកម្ម បណ្ដុះគំនិត និងបំណិនសហគ្រិន ព្រមទាំងកៀងគរថវិកា តាមរយការលក់យ៉ាអួទឹកកកដើម្បីផ្តល់អាហារូបករណ៍ និងជួយសង្គម។
៣.គម្រោងប្រូជេក ជី Project G ជាគម្រោង លើកកម្ពស់ក្មេងស្រី និងស្រ្តី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៨ តាមរយៈការផ្ដល់ជូននូវក្រណាត់អនាម័យដែលធ្វើពីកប្បាស និងវគ្គសិក្ខាសាលាអំពី មូលដ្ឋានគ្រឹះនៃសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដល់សិស្សានុសិស្សតាមសាលារៀនសាធារណទូទាំងក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំចាប់ផ្ដើមក្នុងឆ្នាំ២០១៨ មកដល់ឆ្នាំ២០២១ មានសិស្សដែលជាអ្នកទទួលពីផលគម្រោងចំនួន ៥៧១៣នាក់ (ស្រី ៤០៦០) និង កញ្ជប់ក្រណាត់អនាម័យសម្រាប់សិស្សស្រីប្រើប្រាស់កំឡុងពេលមករដូវចំនួន ៣៩៧៥កញ្ចប់ ត្រូវបានផ្ដល់ជូនទៅកាន់សិស្សឥតគិតថ្លៃ។
៤.គម្រោងប្រូជេកវី Project V ជាគម្រោងផ្តល់បទពិសោធន៍ទៅដល់អ្នកស្ម័គ្រចិត្តក្នុង និងក្រៅប្រទេសមកទស្សនា ដែលបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំ២០១៨ និងស្វែងយល់អំពីកម្ពុជាតាមរយៈការចូលរួមសកម្មភាព គម្រោង ហើយពួកគេចែករំលែកតាមរយៈការបង្រៀនអំពីចំណះដឹងការធ្វើអនាម័យ និងចែកជូននូវ សម្ភារសិក្សាដល់សិស្សសាលាផងដែរ។ ជាមួយគ្នានោះដែរ គម្រោងប្រូជេកប៊ី Project B គឺជាគម្រោងភ្ជាប់ជាមួយគម្រោង វី មានបេសសកម្មចុះចែកកង់ដល់សិស្សនៅទីជនបទ និងកម្មវិធីជួសជុលកងចល័តនៅតាមភូមិ ដែលបានបង្កើតឡើងនៅឆ្នាំ២០១៩។ គម្រោងប៊ីដើរតួយ៉ាងសំខាន់ក្នុងការជួយចំណែក ក្នុងការទប់ស្កាត់ការបោះបង់ចោលការសិក្សាដោយកត្ដាគ្មានមធ្យោបាយធ្វើដំណើរ ដោយក្នុងនោះកង់ចំនួន ២៩៣ កង់ត្រូវបានចែកជូនសិស្ស និង កង់ខូចចំនួនប្រមាណ ៥៩៥ កង់ត្រូវបានជួសជុលដោយឥតគិតថ្លៃក្នុងខេត្តសៀមរាប។
៥.គម្រោងប្រូជេក អ Project R បានបង្កើតឡើងនៅចុងឆ្នាំ២០១៩ ដែលមានគោលបំណងក្នុងការផ្ដល់ឱ្យនូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិកតាមរយៈ បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និង កែច្នៃប្លាស្ទិក ក្រោមការចុះអនុស្សារណយោគយល់គាំទ្ររវាងក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន និងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា។ គម្រោងនេះបានចុះធ្វើសិក្ខាសាលាតាមអនុវិទ្យាល័យចំនួន ៣១ និង៥វិទ្យាល័យក្នុងខេត្តសៀមរាប។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គម្រោងនេះមិនត្រឹមតែបានលើកកម្ពស់ការយល់ដឹងនៃបញ្ហាប្លាស្ទិកប៉ុណ្ណោះទេ តែបានអំពីបានផ្ដល់នូវកាបូបរិស្ថានដល់សិស្សចំនួន ១៥០០០កាបូប ៣១ ធុងសម្រាម និងសៀវភៅការអប់រំស្ដីពីប្លាស្ទិកសម្រាប់អ្នកដឹកនាំពេលអនាគតចំនួន ១៥០ក្បាលសម្រាប់បម្រើការអានក្នុងបណ្ណាល័យនៃសាលាដែលគម្រោងបានកំពុងអនុវត្ដបេសកកម្មរបស់ខ្លួន។
៦.គម្រោងភូមិគ្មានប្លាស្ទិក គឺជាផ្នែកមួយនៃគម្រោងR ក្នុងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងក្នុងការជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅតាមទីជនបទឱ្យយល់ពីផលប៉ះពាល់អវិជ្ជមាននៃប្លាស្ទិក និងរក្សាបរិស្ថានស្អាតនៅក្នុងសហគមន៍ជនបទ។ ជាលទ្ធផលយើងបានសហការនិងមានការគាំទ្រពីរដ្ឋបាលស្រុកបន្ទាយស្រី យើងបានធ្វើការផ្សព្វផ្សាយអំពីបញ្ហាប្លាស្ទិក និងមានការចូលរួមពីប្រជាពលរដ្ឋចំនួន ១១២៤ នាក់ យុទ្ធនាការសម្អាតភូមិនៅក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី ចំនួនពីរលើកដែលមានការចូលរួមចំនួន ៧៤៣នាក់ និងក្រោមការឧបត្ថម្ភពីដៃគូរសហការ ក្រុមហ៊ុន កូកា កូឡាកម្ពុជា ពួកយើងបានប្រគល់ធុងសំរាមខ្នាតធំចំនួន១៧ និងផ្លាកផ្សព្វផ្សាយអំពីការគាំពារបរិស្ថានចំនួន ៥២ ផ្លាកដល់រដ្ឋបាលស្រុកបន្ទាយស្រី។
៧.គម្រោងប្រូជេក អែល Project L ធ្វើការផ្ដល់ជូននៅពិលភ្លើងសូឡាខ្នាតតូចដល់សិស្សសាលាដែលស្ថិតនៅតំបន់ដាច់ស្រយាលជួបការលំបាក ដើម្បីធ្វើការសិក្សានៅពេលយប់។ ក្នុងដើមឆ្នាំ២០២២នេះ ភ្លើងពិលសូឡាខា្នតតូចចំនួន ៥១១បានចែកចេញ និង១៥៥៩ ពិលគ្រោងចែកអោយចប់ក្នុងឆ្នាំ២០២២នេះ។
៨.គម្រោងទឹកស្អាត និងអនាម័យ (Project W) ជាគម្រោងរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន ។ គម្រោងនេះមានគោលដៅចម្បងក្នុងការលើកកម្ពស់សុខភាព ការសិក្សា និងអនាម័យឱ្យមានភាពល្អប្រសើរនៅតាមសាលារៀនសាធារណៈ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិកដោយផ្ដើមចេញពីគ្រឹះសា្ថនអប់រំ តាមរយៈការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត ឡដុតសំរាម និងបង្គន់អនាម័យ។ គម្រោងនេះបានកំពុងអនុវត្តគម្រោងសាកល្បងរបស់ខ្លួនចំនួន៥សាលាក្នុងនោះរួមមាន វិទ្យាល័យ ខ្នារសណ្តាយ វិទ្យាល័យ តេជោ ហ៊ុន សែន អង្គរធំ អនុវិទ្យាល័យ តាប៉ាង អនុវិទ្យាល័យខ្ចាស់ និង វិទ្យាល័យត្រពាំងប្រិយ៍។ បន្ទាប់ពីវាយតម្លៃគម្រោងសាកល្បង គម្រោងនឹងកំពុងបន្តបេសកកម្មរបស់ខ្លួននៅក្នុងសាលារៀនសាធារណចំនួន៤៩ សាលា បន្ថែមទៀតនៅទូទាំងខេត្តសៀមរាប។
ទាំងអស់នេះ គឺជារបាយការណ៍សង្ខេប ស្ដីពីសាវតា និងលទ្ធផលដែលអង្គការបានសម្រេចចាប់តាំងពីខ្លូនចាប់ផ្ដើមក្នុងឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០២២នេះ។
ឆ្លៀតក្នុងឱកាសនេះ លោក នៅ សុកល ប្រធានអង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានថ្លែងអំណរគុណ ចំពោះដៃគូរសហការ អង្គការដៃគូរក្នុងស្រុក និងម្ចាស់ជំនួយរួមមាន ក្រុមហ៊ុន កូកា កូឡាកម្ពុជា ក្រុមហ៊ុន Smart Axiata មូលនិធិមូលនិធិកាណាដាដើម្បីគំនិតផ្តួចផ្តើមក្នុងស្រុក (CFLI)របស់ស្ថានទូតកាណាដា នៅកម្ពុជា កម្មវិធី Days for girls international, មូលនិធិ Rotary International និងក្រុមហ៊ុន Lifestyle Brand ដែលបានចូលរួមសហការក្នុងជំរុញ និងគ្រាំសកម្មភាពការលើកម្ពស់យុវជនដើម្បីអោយពួកគេប្រើប្រាស់សក្ដានុពលចូលរួមក្នុងការការអភិវឌ្ឍប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រតាមរយៈវិស័យអប់រំ សម្រាប់សង្គមកម្ពុជា ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

