ឧត្តមនាវីឯក អ៊ុកសីហា ដឹកនាំគណៈប្រតិភូមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក បំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានកងការពារព្រំដែនច័ន្ទបុរី-ត្រាត កងទ័ពជើងទឹកភូមិន្ទថៃ
ភ្នំពេញ៖ ឧត្តមនាវីឯក អ៊ុកសីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅបញ្ជាការដ្ឋានកងការពារព្រំដែនច័ន្ទបុរី-ត្រាត កងទ័ពជើងទឹកភូមិន្ទថៃ នៃព្រះរាជាណាចក្រថៃ រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី០៤-៦ ខែសីហា ឆ្នាំ២០២២។
ការទៅទស្សនកិច្ចនេះ មានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ឧត្តមនាវីឯក រុនណារ៉ុង សិទ្ធិណាន់(RONNARONG SITTINAN) មេបញ្ជាការ បញ្ជាការដ្ឋានកងការពារព្រំដែនច័ន្ទបុរី-ត្រាត ដំណើរទស្សនកិច្ចនេះក្នុងបំណងពង្រឹងមិត្តភាព សាមគ្គីភាព ឱ្យមានភាពស្និតស្នាល និងកិច្ចសហប្រតិបត្ត្តិការល្អរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-ថៃ។
ជារៀងរាល់ឆ្នាំកន្លងមកអង្គភាពទាំងពីរតែងតែមានការអញ្ជើញប្រតិភូបំពេញទស្សនកិច្ចទៅវិញទៅមកជាប្រចាំប៉ុន្តែដោយសារផ្ទុះជំងឺកូវីដ-១៩ទូទាំងពិភពលោកទើបធ្វើឱ្យមានការខកខានអស់មួយរយៈកាល ថ្វីត្បិតតែជំងឺកូវីដ-១៩មានភាពធូរស្បើយខ្លះក៏ពិតមែន យើងនៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ចមុនចេញដំណើរ ក្រោយការត្រឡប់ មកវិញ ដាច់ខាតត្រូវធ្វើតេស្តរហ័សគ្រប់គ្នានិងអនុវត្តបីការពារ បីកុំជានិច្ច៕