ប៉ូលិសហ្វីលីពីន ចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់ ជុំវិញរឿងអាស្រូវពុករលួយពាក់ព័ន្ធថវិការាប់ពាន់លានដុល្លារ
ម៉ានីល៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ប៉ូលិសនៅប្រទេសហ្វីលីពីន បានចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់ ជុំវិញរឿងអាស្រូវពុករលួយពាក់ព័ន្ធថវិការាប់ពាន់លានដុល្លារ។ប្រការនេះធ្វើឱ្យរូបលោក ជាមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់បំផុត ដែលត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងមួយ ដែលកន្លងមកបានបង្កឱ្យផ្ទុះការធ្វើបាតុកម្មទ្រង់ទ្រាយធំ។ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក Jose Estrada គឺកើតមានឡើង ក្នុងរយៈពេលជិត១ឆ្នាំ បន្ទាប់ពីការលាតត្រដាង នៃរឿងអាស្រូវពុករលួយដ៏ធំសម្បើមមួយ ពាក់ព័ន្ធគម្រោងហេដ្ឋារចនាសម្ព័ន្ធទប់ស្កាត់គ្រោះទឹកជំនន់ ដែលជាបញ្ហាបង្កផលវិបាកធ្ងន់ធ្ងរ ដ្បិតហ្វីលីពីនជាប្រទេសទទួលរងគ្រោះពីព្យុះទីហ្វុងធំៗរៀងរាល់ឆ្នាំ។កន្លងមក ម្ចាស់ក្រុមហ៊ុនសំណង់ មន្រ្តីរដ្ឋាភិបាល និងអ្នកនយោបាយមួយចំនួន ត្រូវបានចោទប្រកាន់ពីនាំគ្នាបទកិបកេងលុយពី គម្រោងខាងលើ ប៉ុន្តែនេះគឺជាលើកទីមួយ ដែលសមាជិកសភាកំពុងកាន់តំណែង ត្រូវបានចាប់ខ្លួនជុំវិញរឿងអាស្រូវនេះ។គួរបញ្ជាក់ថា អំពើពុករលួយ គឺជាបញ្ហាយូរមកហើយនៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែរឿងអាស្រូវគម្រោងទប់ស្កាត់គ្រោះទឹកជំនន់ មានភាពលេចធ្លោជាងគេ ដោយសារតែ ទំហំទឹកប្រាក់ដែលពាក់ព័ន្ធ៕
