ការវាយប្រហារដោយមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសកូវ៉ែត បណ្ដាលឱ្យទាហានអាមេរិកជាច្រើននាក់រងរបួស

បរទេស៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ការវាយប្រហារដោយមីស៊ីលបាលិស្ទីគមួយគ្រាប់របស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសកូវ៉ែត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះបានបណ្ដាលឱ្យទាហានអាមេរិកជាច្រើននាក់រងរបួសស្រាល និងបង្កការខូចខាតធ្ងន់ធ្ងរដល់ដ្រូន MQ-9 Reaper ២គ្រឿង។
Bloomberg ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយប្រហារខាងលើ បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់កូវ៉ែតបានស្ទាក់ចាប់មីស៊ីល Fateh-110 មួយគ្រាប់ ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ចំ មូលដ្ឋានទ័ពអាកាស Ali Al Salem។
ប្រភពនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថាមនុស្ស ៥នាក់ ក្នុងនោះរួមមានអ្នកម៉ៅការ និងទាហានអាមេរិកបានរងរបួសស្រាល ហើយដ្រូន Reaper មួយគ្រឿងត្រូវបានបំផ្លាញ និងមួយគ្រឿងទៀតរងការខូចខាតធ្ងន់ធ្ងរ។ ដ្រូន Reaper មួយគ្រឿងមានតម្លៃ ៣០លានដុល្លារ។ ប៉ុន្តែទីបញ្ជាការកណ្ដាលអាមេរិកភ្លាមៗមិនបានឆ្លើយតបទៅនឹង ការស្នើសុំធ្វើការអត្ថាធិប្បាយនៅឡើយទេ។
ការវាយប្រហារខាងលើបានកើតឡើង ចំពេលសហរដ្ឋអាមេរិក កំពុងពិចារណាលើកិច្ចព្រមព្រៀងមួយដែលនឹងពន្យារបទឈប់បាញ់ដ៏ផុយស្រួយមួយ និងដែលបានចូលជាធរមានកាលពីដើមខែមេសា បើទោះជាភាគីទាំងសងខាងបើកការវាយប្រហារដាក់គ្នាទៅវិញទៅមកអំឡុងបទឈប់បាញ់ក៏ដោយ។
លោក ត្រាំវិញ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២៩ ខែឧសភា បាននិយាយថា រូបលោកត្រៀមរួចជាស្រេចដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយ៕

