អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដាក់សម្ពាធលើអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោស និងទាមទារឱ្យអ៉ីរ៉ង់បញ្ចប់ការបិទខ្ទប់មិនឱ្យកប៉ាល់ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz

UN៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់ឈូងសមុទ្របានដាក់សម្ពាធលើអង្គការសហប្រជាជាតិ UN កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បី ថ្កោលទោស និងទាមទារឱ្យអ៉ីរ៉ង់បញ្ចប់ការបិទខ្ទប់មិនឱ្យកប៉ាល់ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដំណោះស្រាយមួយលើបញ្ហានេះកំពុងប្រឈមនឹង ការបោះឆ្នោតវេតូ។
ប្រភពពីមន្ត្រីការទូតបាននិយាយថារុស្ស៉ីដែលមានសិទ្ធិវេតូ និងជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អ៉ីរ៉ង់ បានព្រមានកាលពីថ្ងៃពុធថាទីក្រុងមូស្គូបានត្រៀមលក្ខណៈជាស្រេចដើម្បី រាំងខ្ទប់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោក Mike Waltz កាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយសមភាគីរបស់លោកមកពី ប្រទេសបារ៉ែន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា និងកូវ៉ែត បានអះអាងថាវិបត្តិច្រកសមុទ្រ Hormuz បាន និងកំពុងបង្កផលវិបាកជាសកល ហើយសេរីភាព នៃការធ្វើនាវាចរពិតជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល៕

