វិចារណកថា! ក្នុងស្ថានភាពរស់រានដ៏ប្រផិតប្រផើយ៖ ការប្រែប្រួលអាកាសធាតុ និងវាសនាដ៏លំបាកនៃកោះតូចៗជុំវិញពិភពលោក

ភ្នំពេញ៖ នៅតាមបណ្ដាសមុទ្រជុំវិញពិភពលោក កោះតូចៗកំពុងបន្លឺសំឡេងអាសន្ន ដែលមនុស្សជាតិមិនអាចបន្តមើលរំលងបានទៀតឡើយ។ ចាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក ការីបង់(Caribbea) មហាសមុទ្រឥណ្ឌា រហូតដល់តំបន់អាស៊ីអាគ្នេយ៍ កោះទាំងនេះកំពុងប្រឈមមុខនឹងផលប៉ះពាល់ភ្លាមៗ និងច្បាស់ក្រឡែតបំផុតនៃការប្រែប្រួលអាកាសធាតុ។ នេះមិនមែនជារឿងដាច់ដោយឡែកនោះទេ ប៉ុន្តែវាគឺជាការព្រមានជាសកលអំពីទិសដៅដែលពិភពលោកកំពុងធ្វើដំណើរទៅរក។
ចំណុចស្នូលនៃវិបត្តិនេះ គឺការកើនឡើងកម្ពស់ទឹកសមុទ្រ។ ប្រទេសដីកោះដែលមានភូមិសាស្ត្រទាប ដូចជា ម៉ាល់ឌីវ (Maldives) ទូវ៉ាលូ (Tuvalu) និង គីរីបាទី (Kiribati) កំពុងជួបប្រទះការជន់លិចជាប្រចាំនៅពេលទឹកជោរ ដែលពីមុនជារឿងកម្រតែក្លាយជារឿងធម្មតានៅពេលបច្ចុប្បន្ន។
សម្រាប់ប្រទេសទាំងនេះ បញ្ហាមិនមែនត្រឹមតែជាការធ្លាក់ចុះនៃបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសំណួរនៃការរស់រានរបស់ជាតិទាំងមូល។ សហគមន៍ខ្លះកំពុងរៀបចំផែនការផ្លាស់ប្តូរទីលំនៅ ដែលបង្កជាសំណួរផ្លូវច្បាប់ និងសីលធម៌មិនធ្លាប់មានពីមុនមក អំពីការបាត់បង់ទឹកដី និងអធិបតេយ្យភាពដោយសារអាកាសធាតុ។
ក្រៅពីការកើនឡើងនៃទឹកសមុទ្រ ព្រឹត្តិការណ៍អាកាសធាតុខ្លាំងៗក៏កាន់តែមានសភាពកាចសាហាវផងដែរ។ សីតុណ្ហភាពមហាសមុទ្រដែលកាន់តែតែក្តៅ បានបង្កជាព្យុះសង្ឃរា និងព្យុះស៊ីក្លូនកាន់តែខ្លាំង ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចដីកោះ។ នៅតំបន់ការីបង់ ព្យុះដែលកើតមានដដែលៗបានបំផ្លាញសមិទ្ធផលអភិវឌ្ឍន៍រាប់ឆ្នាំ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ការស្តារឡើងវិញមានតម្លៃថ្លៃ និងយឺតយ៉ាវ ដែលក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់ប្រទេសដែលមានធនធានកម្រិតទាប។
ការខ្វះខាតទឹកសាប ក៏ជាកង្វល់ដ៏សំខាន់មួយទៀត។ កោះតូចៗជាច្រើនពឹងផ្អែកលើប្រភពទឹកក្រោមដីដែលមានស្រទាប់ស្តើង ដែលងាយរងការបំពុលពីទឹកប្រៃនៅពេលទឹកសមុទ្រឡើងខ្ពស់។ វិស័យកសិកម្មរងគ្រោះដោយសារដីប្រៃ ដែលកាត់បន្ថយផលិតកម្មស្បៀង និងបង្កើនការពឹងផ្អែកលើការនាំចូល។ កត្តានេះធ្វើឱ្យភាពងាយរងគ្រោះកាន់តែស៊ីជម្រៅ ជាពិសេសសម្រាប់កោះដាច់ស្រយាលដែលខ្សែច្រវាក់ផ្គត់ផ្គង់មានសភាពផុយស្រួយ។
ប្រព័ន្ធអេកូឡូស៊ី ដែលដើរតួជាអ្នកការពារធម្មជាតិនៃតំបន់ឆ្នេរ ក៏កំពុងស្ថិតក្រោមសម្ពាធដែរ។ ថ្មប៉ប្រះទឹក ដែលជារបាំងទប់ទល់នឹងរលក និងជាជម្រកត្រី កំពុងរងការប្រែស្លក (Bleaching) យ៉ាងខ្លាំងដោយសារកម្ដៅទឹកសមុទ្រ។ ព្រៃកោងកាង និងព្រៃតំបន់ឆ្នេរ នៅពេលដែលរងការខូចខាត នឹងធ្វើឱ្យឆ្នេរសមុទ្រប្រឈមនឹងការច្រោះ និងជំនោរព្យុះ។ ការបាត់បង់ប្រព័ន្ធអេកូឡូស៊ីទាំងនេះ បង្កើតជាវដ្តដ៏គ្រោះថ្នាក់៖ នៅពេលរបាំងការពារធម្មជាតិចុះខ្សោយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែមានសភាពធ្ងន់ធ្ងរឡើង។
ផលប៉ះពាល់ជាសកលនៃបញ្ហានេះ គឺមានទំហំធំណាស់។ បើទោះបីជាកោះទាំងនោះមានទំហំតូចតាមលក្ខណៈភូមិសាស្ត្រ ប៉ុន្តែពួកគេគឺជាចំណុចកណ្ដាលនៃកិច្ចពិភាក្សាអាកាសធាតុ ទាំងផ្នែកនយោបាយ និងសីលធម៌។ ពួកគេបានបង្ហាញពីអតុល្យភាពដ៏ខ្លាំងក្លាមួយ៖ អ្នកដែលបានចូលរួមចំណែកតិចតួចបំផុតក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បែរជាត្រូវទទួលរងគ្រោះធ្ងន់ធ្ងរបំផុត។ តថភាពនេះបានរុញច្រានឱ្យបណ្ដាប្រទេសដីកោះតូចៗ ក្លាយជាអ្នកតស៊ូមតិដ៏សកម្មបំផុតនៅលើឆាកអន្តរជាតិ ដើម្បីជំរុញសកម្មភាពអាកាសធាតុជាបន្ទាន់។
ទន្ទឹមនឹងនេះ ប្រទេសទាំងនេះក៏កំពុងធ្វើជាគំរូផងដែរ។ ប្រទេសជាច្រើនបានប្តេជ្ញាចិត្តលើគោលដៅថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងដំណោះស្រាយផ្អែកលើធម្មជាតិ។ ការច្នៃប្រឌិតរបស់ពួកគេ ដែលកើតចេញពីភាពចាំបាច់ បានផ្តល់ជាមេរៀនជាក់ស្តែងសម្រាប់ពិភពលោក។ ពួកគេបង្ហាញថា ការបន្ស៊ាំ និងចីរភាព មិនមែនជាគោលគំនិតអរូបីនោះទេ ប៉ុន្តែវាគឺជាអាទិភាពបន្ទាន់ដែលយើងអាចសម្រេចបាន។
ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងក្នុងប្រទេសតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ។ ទំហំនៃបញ្ហាប្រឈមនេះ ទាមទារឱ្យមានសកម្មភាពរួមគ្នាជាសកល។ ការងារនេះរួមមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានឆាប់រហ័ស ការបង្កើនហិរញ្ញប្បទានអាកាសធាតុ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគាំទ្រដល់ប្រទេសដែលងាយរងគ្រោះ។ បើគ្មានវិធានការទាំងនេះទេ ពិភពលោកនឹងប្រឈមនឹងការបាត់បង់ប្រទេសទាំងមូលបន្តិចម្តងៗ ដែលមិនមែនបណ្តាលមកពីជម្លោះសង្គ្រាម ប៉ុន្តែបណ្តាលមកពីការប្រែប្រួលបរិស្ថាន។
កោះតូចៗ គឺជាអ្នកដែលឈរនៅជួរមុខគេនៃការប្រែប្រួលអាកាសធាតុ ហើយពួកគេក៏ជាកញ្ចក់ឆ្លុះបញ្ចាំងដល់សហគមន៍សកលលោកផងដែរ។ អនាគតរបស់ពួកគេ ឆ្លុះបញ្ចាំងពីជម្រើសដែលពិភពលោកកំពុងធ្វើនៅថ្ងៃនេះ។ ប្រសិនបើសំឡេងរបស់ពួកគេត្រូវបានគេយកចិត្តទុកដាក់ ពួកគេនឹងជួយតម្រង់ទិសពិភពលោកឱ្យឆ្ពោះទៅរកមាគ៌ាដែលមានចីរភាព។ ប៉ុន្តែប្រសិនបើត្រូវបានគេមើលរំលង វាសនារបស់ពួកគេអាចនឹងក្លាយជាបុព្វបទនៃវិបត្តិសកលដែលកាន់តែធំ។
ជំនោរទឹកជោរ មិនចេះរើសមុខនោះទេ។ អ្វីដែលចាប់ផ្តើមនៅលើឆ្នេរនៃកោះតូចៗ នឹងមិនបញ្ចប់ត្រឹមទីនោះឡើយ។ យើងទាំងអស់គ្នាកំពុងស្ថិតក្នុងទូកតែមួយ បើកោះតូចៗលិច នោះពិភពលោកទាំងមូលក៏នឹងត្រូវជួបគ្រោះថ្នាក់ដូចគ្នា វាមិនមែនជាបញ្ហារបស់អ្នកដទៃតែម្នាក់ឯងនោះទេ៕
