ឯកឧត្ដម ហ៊ុន ម៉ានី៖ ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ
ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្ដម ហ៊ុន ម៉ានី បានមាន ប្រសាសន៍ថា ទៅថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ។
នៅក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៥ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជន ក្រោមប្រធានបទ ”ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)” នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដោយឆ្លើយតបជូនប្អូនស្រី ដែលជាសមាជិកា ស.ស.យ.ក. នៃវិទ្យាស្ថានវ៉ាន់ដា ដែលបានលើកឡើងជាសំណួរថា តើបដិវត្តន៍ឧស្សាហកម្ម៤.០ ផ្តល់ជាគុណវុឌ្ឍអ្វីខ្លះ?
ឯកឧត្ដម ហ៊ុន ម៉ានីបានឆ្លៀយតបយ៉ាងដូច្នេះថា ទៅថ្ងៃអនាគត ទោះបីយើងមិនដឹងឲ្យប្រាកដ នៅឡើយថាតើអ្វីទៅដែលអាចជាឱកាស ឬបញ្ហាប្រឈម នៃការឈានចូលមកដល់នៃ បដិវត្តន៍ឧស្សាហកម្ម៤.០ ក៏ពិតមែន តែអ្វីដែលចាំបាច់បំផុត គឺយើងត្រូវចាប់ផ្តើមគិត ត្រៀមខ្លួន ហើយយកចិត្តទុកដាក់លើអ្វីដែលយើងគួរធ្វើ និងចាប់ផ្តើមធ្វើចាប់ពីពេលបច្ចុប្បន្ន។
ឯកឧត្ដមបន្ថែមថា ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ។ បច្ចេកវិទ្យានេះមានការវិវត្តជារៀងរាល់ថ្ងៃ រាល់វិនាទី ដូច្នេះ ចង់ឬមិនចង់ យើងត្រូវតែរៀនសូត្រ ឲ្យបានច្រើន ដើរតាមឲ្យទាន់សម័យកាលបច្ចេកវិទ្យា និងត្រៀមខ្លួនឲ្យបានរួចរាល់ជានិច្ចក្នុ ងនាមជាពលរដ្ឋឌីជីថល។ បរិបទបដិវត្តន៍ឧស្សាហកម្ម៤.០នេះ យើងគប្បីក្តាប់យកឱកាសផង ហើយត្រៀមខ្លួនរួចជាស្រេចក្នុងករណីមានហានិភ័យផង៕