គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២៤គ្រួសារ នៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ បានទទួលអំណោយមនុស្សធម៌

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានដំណឹងអំពីការរងគ្រោះរបស់ប្រជាពលរដ្ឋចំនួន២៤គ្រួសារដោយសារខ្យល់កន្ត្រាក់ នៅមូលដ្ឋានឃុំប្រាសាទ ភ្លាមឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាខេត្តបន្ទាយមានជ័យ បានចាត់ឱ្យលោក កែវ ប៊ុនយឿន ប្រធានកិត្តយសអនុសាខាស្រុកព្រះនេត្រព្រះ និងលោក ហឿន វិរៈ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការីជាតំណាង ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅជូនក្រុមគ្រួសាររងគ្រោះខូចខាតដំបូលផ្ទះមួយចំនួនដោយសារករណីខ្យល់កន្ត្រាក់ខាងលើ។
ក្នុងឱកាសនោះដែរ លោក ហឿន វិរៈ ប្រធានអនុសាខាស្រុក បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ជាមួយឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ដូចពាក្យស្លោក (ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា សម្រាប់យើងគ្រប់ៗគ្នា)។
ជាក់ស្ដែងដូចក្នុងហេតុការណ៍ខាងលើនេះ បន្ទាប់ពីទទួលបានការរាយការណ៍នូវផលប៉ះពាល់ភ្លាម គឺមានក្រុមការងារចុះមកជួបជួយដោះស្រាយបញ្ហាសម្រួលដល់ការលំបាករបស់បងប្អូនភ្លាមទោះបីជាសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៏មានក្រុមការងារនៅតាមមូលដ្ឋានមកជួយដែរ។
ក្រោយពីបានសំណេះសំណាលជាមួយបងប្អូនរួច លោកប្រធានបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រុងប្រយ័ត្នលើបញ្ហាមួយចំនួនដូចជាករណីដូចខាងលើទៀតសូមបងប្អូននាំគ្នាចងរឹតផ្ទះឱ្យបានរឹងមាំឡើងវិញ ពិនិត្យភ្លើងចង្រ្កាន្ត ឬចរន្តអគ្គីសនី ដើម្បីកុំឱ្យរងគ្រោះនានាបានកើតឡើងប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់បងប្អូន និងបានសំណូមពរឱ្យបងប្អូនកុំភ្លេចថែទាំសុខភាពរបស់ខ្លួនឯង ដោយនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល តិចខ្លាញ់ តិចអំបិល តិចស្ករ ហាត់ប្រាណជាប្រចាំ ហូបម្ហូបអាហារចំអិនបានឆ្អិនល្អ សម្អាតបរិស្ថានជុំវិញផ្ទះ និងសម្រាកក្នុងមុងគ្រប់ពេល។ល។
អំណោយដែលបានផ្តល់ក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ មី១កេស ត្រីខ១០កំប៉ុង។ ឆ្លៀតក្នុងឱកាសនោះ លោក មាស ហ៊ឹក ប្រធានកាកបាទក្រហមកម្ពុជាឃុំប្រាសាទ ក៏បានជួយចូលរួមឧបត្ថម្ភថវិកា ចំនួន៥០.០០០រៀល ដល់គ្រួសារនីមួយៗផងដែរ៕

