អាមេរិកសម្រេចបន្តលើកលែងទណ្ឌកម្មរយៈពេល១ខែទៀត ដើម្បីឱ្យប្រទេសនានាអាចទិញប្រេងពីរុស្ស៉ី ដើម្បីទប់ទល់ការកើនឡើងតម្លៃថាមពលសកល

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសុក្រ ទី១៧ ខែមេសា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបន្តលើកលែងទណ្ឌកម្មរយៈពេល១ខែទៀត ដើម្បីឱ្យប្រទេសនានាអាចទិញប្រេងពីរុស្ស៉ី ដើម្បីទប់ទល់ការកើនឡើងតម្លៃថាមពលសកល។
ការសម្រេចដូចខាងលើអនុញ្ញាតការទិញប្រេងឆៅនិងផលិតផលប្រេងរបស់រុស្ស៉ី ដែលត្រូវបានលើកដាក់ទៅលើកប៉ាល់នានារួចស្រាប់ គិតត្រឹមថ្ងៃសុក្រ រហូតដល់ ថ្ងៃទី១៦ ខែឧសភា។ វាគឺជាការបន្តលើកលែងទណ្ឌកម្មរបស់អាមេរិកលើប្រេងរុស្ស៉ី ដែលបានផុតសុពលភាពកាលពីថ្ងៃទី១១ ខែមេសា។
ការបន្តលើកលែងនេះ គឺបន្ទាប់ពីរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៉ីនតោន នឹងមិនធ្វើបែបនោះទេ។
គួរបញ្ជាក់ថា ចំណាត់ការរបស់ទីក្រុងវ៉ាស៉ីនតោន មានគោលដៅដើម្បីបន្ធូរបន្ថយផលរំខានធ្ងន់ធ្ងរ ចំពោះការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក បណ្តាលមក ពីសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ហើយឥឡូវកំពុងស្ថិតក្នុងបទឈប់បាញ់ដ៏ផុយស្រួយ៕

