អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កំពង់ចាម៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។
ថ្លែងបែបនេះនៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ នាឱកាសឯកឧត្តម អញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ និងសំណេះសំណាលជាមួយ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុុន ចាន់ដា បានថ្លែងថា ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយក្នុងគ្រួសារ លោកអភិបាលខេត្តបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១. ដាច់ខាតមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដែលជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍។ ២.បើកបរក្នុងល្បឿនដែលច្បាប់កំណត់ និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងពេលធ្វើដំណើរ។ ៣. មុននឹងធ្វើដំណើរឆ្ងាយ ត្រូវពិនិត្យហ្វ្រាំង សំបកកង់ និងភ្លើងសញ្ញាឱ្យបានត្រឹមត្រូវ។ ៤.ត្រូវពាក់មួកសុវត្ថិភាព (ទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូ) និងពាក់ខ្សែក្រវាត់សុវត្ថិភាពសម្រាប់រថយន្ត។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ចាម ត្រៀមលក្ខណៈជួយសម្រួលចរាចរណ៍ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមរមណីយដ្ឋាននានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកកម្សាន្តក្នុងខេត្តកំពង់ចាមឱ្យបានសប្បាយរីករាយបំផុត៕

