អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល នៅតែបន្តការងារការទូតយ៉ាងសកម្ម និងដោយឥតឈប់ឈរដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣១ ខែមីនានេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាល នៅតែបន្តការងារការទូតយ៉ាងសកម្ម និងដោយឥតឈប់ឈរដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន។ មិនថានៅក្នុង ឬក្រៅប្រទេស ឬមិនថាពេលវេលាណាឡើយ ការវិវត្តន៍ស្ថានការណ៍ថ្មីៗតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ហាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញបាន ដោយសារការរារាំងដោយទូរកុងតឺន័រ និងបន្លាលួសរបស់កងកម្លាំងថៃ គឺជារបៀបវារៈដ៏សំខាន់មួយ ក្នុងគោលបំណងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
