ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី៖ ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ឱកាសដល់ស្រ្តី ជាការលើកស្ទួយស្ថានភាព សមត្ថភាពស្ត្រី
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារយេនឌ័រ កងទ័ពគោក បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញចុះសិក្សាស្វែងយល់ ការងារយេនឌ័រ និងជួបសំណេះសំណាលយោធិននារី នៅតំបន់ប្រតិបត្តិការសឹករងព្រះស៊ីហនុ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាចាណាចក្រកម្ពុជា បានដាក់ចេញដល់គ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តជម្រុញការអនុវត្ត ការបញ្ជ្រាបយេនឌ័រ ឲ្យមានប្រសិទ្ធភាព និងភាពជាក់លាក់ ក្នុងការអនុវត្តគោលនយោបាយជាតិ បទបញ្ញត្តិពាក់ព័ន្ធ និងការលើកស្ទួយស្ថានភាព សមត្ថភាពស្ត្រី, រួមនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងការផ្តល់ឳកាសដល់ស្រ្តី ឲ្យកាន់តែប្រសើឡើង ក្នុងស្មារតីទទួលខុសត្រូវ ដើម្បីបំពេញតួនាទីភារកិច្ច ស្របទៅនឹងនិន្នាការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងទៅអនាគត ។
ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មានប្រសាសន៍ថា ការចុះមកសំណេះសំណាលការងារយេនឌ័រនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់អំពីរបត់ នៃការបំពេញការងារក្នុងអំឡុងពេលកូវីដ-១៩ នៅក្នុងតំបន់ប្រតិបត្តិការសឹករងព្រះស៊ីហនុដែលមានវត្តមាន នាយទាហាន នាយទាហានរង ពលទាហាន គ្រប់លំដាប់ថ្នាក់ចូលរួម ក្នុងការងារដ៏សកម្មសម្រេចបាន និងការងារប្រឈម រួមទាំងការចូលរួមទប់ស្តាប់ប្រយុទ្ធប្រឆាំង និងមេរោគដ៏កាចសាហាវនេះ ។
ឯកឧត្តម ចាប វ៉ាន្នី បានថ្លែងអំណរគុណដល់យោធភូមិភាគទី៣ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះស៊ីហនុ បានសហការបង្កលក្ខណៈដល់ការងារយេនឌ័ររបស់ តំបន់ប្រតិបត្តិការសឹករងព្រះស៊ីហនុ បានដំណើរការទៅយ៉ាងរលូនទោះបីកន្លងមកស្ថិតនៅក្នុងការរាតត្បាតនៃជំងឺកូវីដ-១៩ក្តី ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប វន្នី បាននាំយកនូវអំណោយ របស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងសប្បុរសជន គ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងព្រះស៊ីហនុផងដែរ ៕