បង្ក្រាបទីតាំង Online Scam នៅបុរីប៉េងហួត ក្នុងខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិចិន១៩នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង បុរីប៉េងហួត ដឺស្តាផ្លាទីនីម មឺហ្គឺរៀន ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។
ក្រុមការងារបានត្រួតពិនិត្យរកឃើញមនុស្ស ចំនួន១៩នាក់ ជាជនជាតិចិន និងដកហូតសម្ភារៈ ទូរស័ព្ទដៃ ចំនួន១២៣គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង, ធុង CPU ចំនួន១គ្រឿង, កុំព្យូទ័រ All in One ចំនួន៨គ្រឿង, ម៉ូនីទ័រចំនួន២គ្រឿង, មួកសមត្ថកិច្ចចិនចំនួន៤, អាវសមត្ថកិច្ចចិនលេវមាស ចំនួន៣, ខោពណ៌បៃតងចាស់ ចំនួន៣, អាវសាច់ក្រណាត់ពណ៌បៃតងខ្ចី ចំនួន៣, ក្រវ៉ាត់ក ពណ៌បៃតងចាស់ ចំនួន១។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យប្រើប្រទេសកម្ពុជាឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា online Scames ក្រោមរូបភាពក្លែងបន្លំ និងក្លែងឯកសារជាសមត្ថកិច្ចប្រទេសចិន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការបន្ដតាមនីតិវិធី៕

