ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ!

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក៏ដូចជាបង្កើនកម្រិតគុណវុឌ្ឍិអ្នកជំនាញបម្រើការងារនៅក្នុងសេវាកម្មទេសចរណ៍ ក្រសួងទេសចរណ៍ នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ នៅសាកលវិទ្យាល័យធនធានមនុស្ស រាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ សូមលើកទឹកចិត្តដល់ បេក្ខជន បេក្ខនារី ដែលមានបទពិសោធការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ចូលរួមដាក់ពាក្យប្រឡងចូលរៀនឱ្យបានកាន់តែច្រើន។
ចំពោះ បេក្ខជន បេក្ខនារី ដែលប្រឡងជាប់ស្ថាពរ នឹងត្រូវចូលរៀនវគ្គបណ្តុះបណ្តាល រយៈពេល ៧ខែ (សិក្សាថ្ងៃសៅរ៍-អាទិត្យ) ដោយក្នុងនោះ ការសិក្សាទ្រឹស្តី រយៈពេល ៥ខែ និងចុះកម្មសិក្សាស្រាវជ្រាវនៅតាមតំបន់គោលដៅទេសចរណ៍ រយៈពេល ២ខែ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ ០៧៨ ២៦២ ៤៥៦ និង ០៩៦៦ ២៦២ ៤៥៦ ឬអានព័ត៌មានលម្អិតក្នុងសេចក្តីជូនដំណឹង៕

