លោក ដូណាល់ ត្រាំ គំរាមបង្កើនការធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់បិទខ្ទប់ការដឹកជញ្ជូនប្រេង ចេញពីតំបន់មជ្ឈិមបូព៌ា

ឌូបៃ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានគំរាមបង្កើនការធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់បិទខ្ទប់ការដឹកជញ្ជូនប្រេង ចេញពីតំបន់មជ្ឈិមបូព៌ា បើទោះជាលោកបានព្យាករថាសង្រ្គាមនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗក៏ដោយ។
ការព្រមានរបស់លោក ត្រាំ កើតមានឡើងចំពេលមានការព្រួយបារម្ភថាការបង្ហាញការគាំទ្ររបស់កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ចំពោះមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ លោក Mojtaba Khamenei ជាសញ្ញាមួយបង្ហាញថាអ៉ីរ៉ង់មិនមែនកំពុងត្រៀមលក្ខណៈចុះញ៉មក្នុងពេលឆាប់ៗនោះទេ។
លោក ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកបានបង្កការខាតបង់ធ្ងន់ធ្ងរលើ កងទ័ពអាកាស និងកងទ័ពជើងទឹករបស់អ៉ីរ៉ង់ ហើយថែមទាំងបានព្យាករទៀតផងថាសង្រ្គាមអាចនឹងបិទបញ្ចប់មុនពេល៤សប្ដាហ៍ ជាកាលបរិច្ឆេទមួយដែលលោកបានកំណត់ បើទោះជាលោកមិនបានកំណត់ថាតើជ័យជម្នះនឹងមានទម្រង់បែបណាក៏ដោយ។
លោក ត្រាំ ក៏បានព្រមានផងដែរថាការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងត្រូវបានបង្កើន ប្រសិនបើអ៉ីរ៉ង់ព្យាយាមបិទខ្ទប់ការធ្វើចរាចរណ៍របស់កប៉ាល់ដឹកប្រេងឆ្លងកាត់តាម ច្រកសមុទ្រ Hormuz។ «យើងនឹងវាយពួកគេឱ្យធ្ងន់ជាទីបំផុត រហូតមិនឱ្យពួកគេ ឬអ្នកណាផ្សេងអាចជួយឱ្យពួកគេងើបឡើងវិញ»។ នេះជាការព្រមានរបស់លោក ត្រាំ។
ប៉ុន្តែ ជាការឆ្លើយតប កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បាននិយាយថានឹងមិនអនុញ្ញាតឱ្យប្រេងសូម្បីតែមួយលីត្រត្រូវបានដឹកចេញពីតំបន់មជ្ឈិមបូព៌ា ប្រសិនការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលនៅតែបន្ត។ «យើងគឺជាអ្នកកំណត់ទីបញ្ចប់នៃសង្រ្គាម»។ នេះបើតាមអ្នកនាំពាក្យម្នាក់របស់កងកម្លាំងឆ្មាំបដិវត្តន៍៕

