អភិបាលខេត្តកែប ប្តេជ្ញាមិនឱ្យមានទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្រ្តខេត្តឡើយ

កែប៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានបន្តធ្វើវេទិកាផ្សព្វផ្សាយទូលាយនូវអនុក្រឹត្យលេខ ០៣អនក្រ.បក ចុះថ្ងៃទី៥ មករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងបទបញ្ជាលេខ ០១បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយនូវឯកសារពាក់ព័ន្ធខាងលើ។
ឯកឧត្តមបានបញ្ជាក់ថា កន្លងមក បន្ទាប់ពីទទួលបានគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំរៀបចំផែនការ យន្តការផ្សេងៗជាបន្តបន្ទាប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបោសសម្អាត ទប់ស្កាត់នូវរាល់បទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នៅទូទាំងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកនៅក្នុងភូមិសាស្រ្តខេត្តកែប។
តាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប កន្លងមក និងបច្ចុប្បន្ននៅទូទាំងខេត្តកែប មិនទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។
ជាមួយនេះ ដើម្បីបន្តពង្រឹងប្រសិទ្ធិភាពក្នុងការទប់ស្កាត់នូវរាល់បទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដែលអាចកើតមានឡើងដោយប្រការណាមួយ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថិកិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តសហការគ្នាបន្តចុះធ្វើរដ្ឋបាលចំហរនៅគ្រប់ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ រីស៊ត ផ្ទះជួល និងទីតាំងមានការសង្ស័យផ្សេងៗទូទាំងខេត្ត ឲ្យបានជាប្រចាំ។
ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ រីស៊ត ផ្ទះជួលនិងប្រជាពលរដ្ឋគ្រប់រូប ត្រូវរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធនៅពេលនៅមានការសង្ស័យទីតាំងណាមួយកើតមានបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឬបទល្មើសផ្សេងៗ ដើម្បីឲ្យមូលដ្ឋានខេត្តកែប បន្តមានភាពស្អាត និងសុខសុវត្ថិភាពទាំងអស់គ្នា៕

