អនុប្រធានទី២ព្រឹទ្ធសភា៖ អាទិភាពសម្រាប់សេដ្ឋកិច្ចកម្ពុជា គឺវិស័យទេសចរណ៍ និងកម្មន្ដសាល

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក៤១នាក់ នៃក្រុមប្រឹក្សាសង្កាត់ទាំង៥ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (ភ្នំពេញ) បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ និងកម្មន្ដសាល (សិប្បកម្ម/ផលិតកម្ម) គឺជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចដ៏សំខាន់ ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់។
ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងវិស័យសំណង់ អាជីវកម្ម និងសិប្បកម្មឱ្យមានភាពរលូន ព្រមទាំងត្រូវចូលរួមលើកកម្ពស់សិប្បកម្មក្នុងស្រុក ជំរុញការផលិតតាមរយៈសិប្បកម្មត្បាញហូល ផាមួង (ដូចនៅកោះដាច់) ដែលជាផ្នែកមួយនៃកម្មន្ដសាលបែបប្រពៃណី បង្កើតការងារ និងចំណូលដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានផ្ដល់អនុសាសន៍ឱ្យគ្រប់មូលដ្ឋានក្នុងរាជធានីភ្នំពេញ ជាពិសេសខណ្ឌជ្រោយចង្វារ ត្រូវបង្កើនភាពប្រកួតប្រជែង ដើម្បីទាក់ទាញ់ភ្ញៀវទេសចរ តាមរយៈការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងសន្តិសុខ និងសោភណតាមដងផ្លូវ, គាំទ្រការលក់ដូរម្ហូបអាហារឆ្ងាញ់ ប្លែក អនាម័យ និងតម្លៃសមរម្យ ដោយរួមបញ្ចូលទាំងការរៀបចំទីកន្លែងសម្រាប់ទស្សនាថ្មីៗ ព្រមទាំងអភិវឌ្ឍតំបន់ដែលមានស្រាប់ (ដូចជា វិមានឈ្នះឈ្នះ, កោះដាច់, និងសួនសត្វសាហ្វារី) ឱ្យកាន់តែទាក់ទាញ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរថ្នាក់ដឹកនាំសង្កាត់ និងខណ្ឌជ្រោយចង្វារ ដែលខិតខំបំពេញការងារបានយ៉ាងល្អនាពេលកន្លងមក ព្រមទាំងលើកទឹកចិត្តឱ្យអាជ្ញាធរទាំងអស់បន្តរួមគ្នារិះរកដំណោះស្រាយសមស្រប ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនដែលលើកឡើងនៅតាមមូលដ្ឋាន៕

