ចិនអំពាវនាវឱ្យគ្រប់ភាគីក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា រក្សាសុវត្ថិភាពច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់បំផុត

ប៉េកាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣ ខែមីនា ចិនបានអំពាវនាវឱ្យគ្រប់ភាគីក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា រក្សាសុវត្ថិភាពច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់បំផុតមួយ សម្រាប់ប្រេងនិងឧស្ម័នរបស់ពិភពលោក។
ជិត១ភាគ៤នៃប្រេងរបស់ពិភពលោក ដែលដឹកជញ្ជូនតាមផ្លូវទឹក គឺឆ្លងកាត់ច្រកសមុទ្រខាងលើ ហើយទំនិញក្នុងបរិមាណដ៏ច្រើន ក៏ដូចគ្នាដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ចិនទទូចឱ្យភាគីទាំងអស់បញ្ឈប់ជាបន្ទាន់ នូវប្រតិបត្តិការយោធា ចៀសវាងការបង្កើនភាពតានតឹងថែមទៀត រក្សាសុវត្ថិភាពនៃការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz និងទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរ លើសេដ្ឋកិច្ចពិភពលោក។
ក្រោយការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែលលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អ៉ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ជាហេតុនាំឱ្យក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនអន្តរជាតិមួយចំនួន ផ្អាកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនោះ។
គួរបញ្ជាក់ថា ចិនគឺជាអតិថិជនធំជាងគេនៃប្រេងរបស់អ៉ីរ៉ង់ ដែលភាគច្រើនត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz៕

