ទេសរដ្ឋមន្រ្តី លី ធុជ ជំរុញលើកទឹកចិត្តឱ្យអ្នកវិនិយោគទាំងអស់ បន្តមើលឃើញប្រទេសកម្ពុជាមិនត្រឹមតែជាកន្លែងផ្តល់ឱកាសប៉ុណ្ណោះទេ ប៉ុន្តែជាផ្ទះទីពីរ និងគ្រួសារទីពីររបស់ខ្លួន

ភ្នំពេញ៖ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាមួយក្លឹប Singapore Club Cambodia ។ ក្នុងការប្រារព្ធនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាងឡើងវិញនូវមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងកម្ពុជា-សឹង្ហបុរីនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងនោះអ្នកវិនិយោគសឹង្ហបុរីបានជ្រើសរើសមកកម្ពុជាក្នុងស្ថានភាពមួយមិនប្រាកដប្រជា ក្នុងការបង្កើតអាជីវកម្ម បង្កើតឱកាសការងារ និងមកស្នាក់នៅកម្ពុជា។
ឯកឧត្តមបណ្ឌិត លី ធុជ បន្តទៀតថា ក្រៅពីការវិនិយោគ សិង្ហបុរីក៏បានរួមចំណែកដោយសប្បុរសតាមរយៈគំនិតផ្តួចផ្តើមសប្បុរសធម៌ និងសហគមន៍ដែលជួយដល់ប្រជាជនកម្ពុជាដោយផ្ទាល់។ បុគ្គល និងសមាគមជាច្រើនរបស់សិង្ហបុរីបានបន្តផ្តល់ជំនួយក្នុងវិស័យអប់រំ ការថែទាំសុខភាព និងសុខុមាលភាពសង្គម។ សិង្ហបុរីបាននាំមកនូវភាពចម្រុះ ការច្នៃប្រឌិត នវានុវត្តន៍ ទេពកោសល្យ ជំនាញ ការវិនិយោគ និងដើមទុន ជាដើម ដែលការរួមចំណែកទាំងនេះបានគាំទ្រយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរបស់ក្លឹប Singapore Club Cambodia ដែលបានបង្កើតវេទិកាដ៏សំខាន់បែបនេះ ដែលនេះមិនត្រឹមតែបម្រើជាវេទិកាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានរវាងប្រជាជាតិទាំងពីរ និងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែស៊ីជម្រៅ។ ការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនមែនកើតឡើងដោយចៃដន្យទេ វាបានមកពីការប្តេជ្ញាចិត្តរយៈពេលវែង និងភាពជាដៃគូដែលបង្កើតដោយទំនុកចិត្តនិងមានស្ថិរភាពមួយ ចាប់ពីហិរញ្ញវត្ថុដល់អចលនៈទ្រព្យ និងពីការអប់រំដល់សេវាកម្មវិជ្ជាជីវៈ ហើយធុរកិច្ចសិង្ហបុរីបានដើរតួនាទីជាក់ស្តែងក្នុងការរីកចម្រើនរបស់កម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យអ្នកវិនិយោគទាំងអស់ បន្តមើលឃើញប្រទេសកម្ពុជាមិនត្រឹមតែជាកន្លែងផ្តល់ឱកាសប៉ុណ្ណោះទេ ប៉ុន្តែជាផ្ទះទីពីរ និងគ្រួសារទីពីររបស់ខ្លួន ព្រមទាំងបានជូនពរឱ្យឆ្នាំថ្មីនេះ នាំមកនូវភាពរឹងមាំដល់អាជីវកម្ម សន្តិភាពដល់គ្រួសារ និងបន្តជោគជ័យគ្រប់កិច្ចការការងារ។

