ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវប្ដេជ្ញាបន្តស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងឱ្យបានជាដាច់ខាតដោយមិនដកដៃឡើយ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ លោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវប្តាជ្ញាបន្តដឹកនាំបង្ការ និងស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងឲ្យបានជាដាច់ខាតដោយមិនដកដៃឡើយ បញ្ហាក្មេងទំនើងគេមើលឃើញថាបានបង្កប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាខ្លាំង។
ការណែនាំនេះបានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែ មករា លើកទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរៀបចំពិធីបំពាក់ឋានន្តរសក្តិ វរសេនីយ៍ត្រី ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២រូប កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
កិច្ចប្រជុំខាងលើ មានអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង អនុប្រធានផែន លោក-លោកស្រីនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានជំរុញដល់កម្លាំងក្រោមឱវាទបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់និងអនុវត្តវិធានការណ៍បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្អែកលើវិធានការណ៍ជំនាញនិងច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីជាការឆ្លើយតបទៅនឹង គោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះអនុវត្តអនុក្រឹត្យ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ០៥ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំដើម្បីធានា សន្តិសុខសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕

