រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ។
ក្នុងនោះក៏មានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗជាច្រើនរូបទៀត។
កិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ធ្វើឡើងដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈរួមមាន៖ ទី១៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី២០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ទី២ ៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។ ទី៣៖ សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមនានារបស់គណៈកម្មាធិការ ទាំងបី របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ទី៤ ៖ ពិនិត្យ និងអនុម័ត តារាងបែងចែក និងបើកផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់ខែមករា ឆ្នាំ២០២៦។ ទី៥ ៖ ប្រកាសទទួលស្គាល់សមាសភាពប្រធានច្រកអន្តរជាតិទាំង៣ របស់រដ្ឋបាលខេត្ត។ ទី៦៖ បញ្ហាផ្សេងៗ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ខេត្តឧត្តរមានជ័យ មានការរីកចម្រើនជាបណ្ដើរៗ ក្រោមការដឹកនាំរបស់ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ មានការអភិវឌ្ឍ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់កងកម្លាំងទាំង៣ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តទោះបីជាមានការឈ្លានពានពីសំណាក់កងទ័ពសៀមក៏ដោយ។
ឯកឧត្ដម ស៉ី ប្រាសិទ្ធ បន្តថា នៅក្នុងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីជួយដល់ជនភៀសសឹក ហើយឯកឧត្ដមអភិបាលខេត្តខិតខំធ្វើការមិនគិតពីការនឿយហត់ឡើយ ដើម្បីតែប្រជាពលរដ្ឋ និងបងប្អូនជនភៀសសឹក ទាំងការឧបបត្ថម្ភសម្ភារៈ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ដើម្បីជួយសម្រួលការលំបាកក្នុងអំឡុងពេលដែលសង្គ្រាមឈ្លានពាន។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានថ្លែងអំណគុណដល់ក្រុមប្រឹក្សាក្នុងរយៈពេលសង្គ្រាមឈ្លានពានដែលស្វះស្វែងជួយដល់រដ្ឋបាលខេត្ត ក្នុងការសម្រួលសម្រួលដល់បងប្អូនជនភៀសសឹក ដើម្បីឱ្យពួកគាត់បានរស់នៅកន្លែងដែលមានសុវត្ថិភាព និងមានអាហារហូបចុកគ្រប់គ្រាន់ប្រចាំថ្ងៃ។
ក្នុងកិច្ចប្រជុំនេះឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដោយស្នើសុំបង្កើតសមាគមមនុស្សចាស់គ្រប់ឃុំក្នុងឆ្នាំ២០២៦ ហើយលោកអភិបាលរងខេត្តទទួលបន្ទុកតាមឃុំនីមួយៗ សូមចុះជួយការងារមូលដ្ឋានគ្រប់ទិសដែលខ្លួនទទួលខុសត្រូវឱ្យបានល្អ។
បន្ថែមពីនេះទៀត ឯកឧត្ដម មាន ចាន់យ៉ាដា បានជំរុញដល់អាជ្ញាធរនៅតាមមូលដ្ឋានរបស់ខ្លួនខិតខំណែនាំដល់ប្រជាពលរដ្ឋបង្កើនការដាំដុះកសិកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ និងមួុយផ្នែកអាចជួយដល់បងប្អូនជនភៀសសឹកហើយអាចធានាថាការផ្គត់ផ្គង់និងខ្វះខាតឡើយ៕

