ពលរដ្ឋភៀសសឹកចំនួនជិត១៣០០ គ្រួសារទទួល ជំនួយមនុស្សធម៌ពីអង្គការក្តីសង្ឃឹមលូថេរ៉ាន់កម្ពុជា

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ អាជ្ញាធរពាក់ព័ន្ធ បានសហការជាមួយអង្គការក្តីសង្ឃឹមលូថេរ៉ាន់កម្ពុជាបានរៀបចំពិធីផ្តល់ជំនួយមនុស្សធម៌យ៉ាងធំធេងជូនដល់ប្រជាពលរដ្ឋភៀសសឹក ចំនួន ១, ២៨១គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលភៀសសឹក វត្តកណ្តោល ឃុំគោករមៀត ស្រុកថ្ម ពូក ខេត្តបន្ទាយមានជ័យ ។
លោក យង់ យឺន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានវាយតម្លៃខ្ពស់ចំពោះសប្បុរសជន និងអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា ហៅកាត់ថាLHCO ដែលផ្តួចផ្តើមរៀបបំកម្មវិធីមនុស្សធម៌នេះឡើង ដើម្បីសម្រាលការលំបាកក្នុងជីវភាព របស់បងប្អូនកំពុងស្នាក់នៅជំរុំភៀសសឹកនេះ។
សំឡេង៖ «ខ្ញុំត្រេកអរណាស់ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជានេះ គឺលោកបានយកចិត្តទុកដាក់ច្រើនថ្ងៃណាស់មកហើយ បាទ តាំងពីចុះសម្ភាសន៍ ហើយចុះកែសម្រួលលេខទូរស័ព្ទ និងចុះចែកប័ណ្ណ រហូតមកដល់ថ្ងៃនេះ គឺយើងបានទទួលអំណោយជាក់លាក់ រួមមានសាច់ប្រាក់ បូកជាមួយសម្ភារប្រើប្រាស់ បាទ បានចំនួន ១,២៨១ គ្រួសារនៅទីនេះ។ បើនិយាយពីការចាំបាច់ ហួសពីការចាំបាច់ទៀត បាទ គាត់ត្រូវការចាំបាច់ណាស់។ ទីមួយ បញ្ហាធុងទឹកនេះ គឺជារឿងចាំបាច់មួយ ព្រោះយើងមានដែរធុងទឹកយើងមាន ប៉ុន្តែតូច អត់ដល់ ២០០ លីត្រទេ យើងមានធុងតូច។ ឥឡូវគាត់បានធុងធំសម្រាប់ប្រើប្រាស់ហើយ។ ហើយយើងឃើញមានភួយ មានសម្ភារជាច្រើនសម្រាប់ការរស់នៅ។ »
លោកស្រី ថៃ បូណេ នាយិកាប្រតិបត្តិអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជាបានឱ្យដឹងថា ការផ្តល់ ជំនួយមនុស្សធម៌នេះ គឺជាការចូលរួម• ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធដើម្បីជួយសម្រាលកង្វះខាតស្បៀងអាហារសម្រាប់អ្នកដែលបាត់បង់មុខរបរ និងមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន ។ ជំនួយនៅពេលនេះ មានដូចជាៈ សម្ភារប្រើប្រាស់ចាំបាច់ មានតង់, មុង, ធុងទឹក)និងសម្ភារអនាម័យ ដើម្បីលើកកម្ពស់សុខភាព និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅ និងស្តារស្ថានភាពផ្លូវចិត្ត និងជីវភាពបងប្អូនឱ្យបានប្រសើរឡើងវិញ។
សំឡេង៖ «ក្នុងថ្ងៃនេះគឺយើងធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហារបស់បងប្អូនប្រជាពលរដ្ឋដែលគាត់រងគ្រោះ ហើយគាត់កំពុងតែស្នាក់នៅក្នុងមណ្ឌលបណ្ដោះអាសន្នដែលស្ថិតនៅក្នុងឃុំកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ហើយក្នុងគោលបំណងដែលយើងធ្វើកិច្ចការងារនេះគឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះស្បៀងអាហាររបស់ពួកគាត់។ ហើយពួកគាត់មួយចំនួនគឺបានបាត់បង់នូវលទ្ធភាពនៅក្នុងការរកប្រាក់ចំណូល ហើយមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ហើយយើងក៏ព្យាយាមក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញនូវកង្វះខាតរបស់ពួកគាត់ ដែលក្នុងនោះមានទាំងការចូលរួមក្នុងការផ្ដល់ជាសាច់ប្រាក់ក៏ដូចជាសម្ភារផ្សេងៗទៀតដើម្បីឱ្យពួកគាត់អាចប្រើប្រាស់នៅក្នុងមណ្ឌលនេះ ហើយក្រុមការងាររបស់យើងព្យាយាមកៀងគរធនធាន។ នៅក្នុងដំណាក់កាលនៃការអនុវត្តគម្រោងលើកទី ៤ នេះ យើងបានកៀងគរធនធានពីសម្ព័ន្ធមួយដែលឈ្មោះថា អង្គការ ACT Alliance ដែលមានទំហំទឹកប្រាក់ ១៥ ម៉ឺនដុល្លារអាមេរិក។ អ៊ីចឹងយើងសង្ឃឹមថាអាចនឹងឆ្លើយតបទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនដែលយើងបានរៀបចំជាលក្ខណៈវិនិច្ឆ័យច្បាស់លាស់ ហើយមួយចំនួនដែលពួកគាត់រស់នៅក្នុងមណ្ឌលនេះគឺជាបងប្អូនដែលមានបណ្ណក្រីក្រ បណ្ណហានិភ័យ ហើយយើងក៏មានលក្ខណៈវិនិច្ឆ័យផ្សេងៗទៀតដែលទាក់ទងជាមួយស្ថានភាពរបស់ពួកគាត់ដែរ ដើម្បីឱ្យគាត់អាចទទួលបាននូវសម្ភារក៏ដូចជាសាច់ប្រាក់នៅក្នុងមណ្ឌលបណ្ដោះអាសន្ននេះចា៎។»
តំណាងប្រជាពលរដ្ឋភៀសសិកមកពីភូមិសាមគ្គី បឹងត្រកួន បានបង្ហាញអារម្មណ៍រំភើប រីករាយ និងមានសេចក្តីសង្ឃឹមជាថ្មី បន្ទាប់ពីបានទទួលជំនួយមនុស្សធម៌ដ៏មានតម្លៃពីអង្គការក្តីសង្ឃឹមលូថេរ៉ាន់កម្ពុជា។ពួកគាត់បានចាត់ទុកថា ជំនួយទាំងអស់នេះ មិនមែនគ្រាន់តែជាសម្ភារប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ទឹកចិត្ត» និង «ការផ្តល់តម្លៃ» ដល់ជីវិតមនុស្សជាតិដែលកំពុងរងគ្រោះ។ ពួកគាត់សន្យានឹងប្រើប្រាស់សម្ភារទាំងនេះឱ្យមានប្រយោជន៍បំផុត និងសូមជូនពរដល់សប្បុរសជន និងក្រុមការងារអង្គការទាំងអស់ សូមមានសុខភាពល្អ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមនេះទៅមុខទៀត៕

