វៀតណាមមានឆន្ទៈបង្កើនការទិញទំនិញរបស់អាមេរិក ជាពិសេសគ្រឿងម៉ាស៉ីន និងផលិតផលបច្ចេកវិទ្យាខ្ពស់

ហាណូយ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម បាននិយាយថា ទីក្រុងហាណូយមានឆន្ទៈ បង្កើនការទិញទំនិញរបស់សហរដ្ឋអាមេរិក ជាពិសេសគ្រឿងម៉ាស៉ីន និងផលិតផលបច្ចេកវិទ្យាខ្ពស់ ខណៈប្រទេសអាស៊ានមួយនេះ ចាប់ផ្តើមការចរចារពន្ធគយលើក ៦ នៅទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ។
យោងតាមសេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រី លោក Le Manh Hung បានជួបក្រុមហ៊ុនអាមេរិកមួយចំនួន ក្នុងវិស័យថាមពល និងបច្ចេកវិទ្យា រួមទាំងនាយកប្រតិបត្តិមកពី Apple, Exxon Mobil, GE, AES និង Excelerate Energy។ អំឡុងពេលស្ថិតក្នុងទីក្រុងវ៉ាស៉ីនតោន លោក Hung បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនអាមេរិក ដើម្បីទិញប្រេងឆៅ អេតាណុល និងពោតរបស់អាមេរិក។
តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម MOU ទាំងនោះ មានជាមួយក្រុមហ៊ុន Chevron, Marquis Energy និង ADM Asia-Pacific Trading។
គួរបញ្ជាក់ថា កាលពីខែតុលា សេតវិមានបានឱ្យដឹងថា សហរដ្ឋអាមេរិក-វៀតណាម អាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលនឹងរក្សាពន្ធលើទំនិញវៀតណាមភាគច្រើន នៅអត្រា ២០ភាគរយ ប៉ុន្តែដកពន្ធលើផលិតផលមួយចំនួន។ ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួន បានឈានដល់កម្រិតខ្ពស់បំផុត គឺចំនួន ១៥៣ពាន់លានដុល្លារកាលពីឆ្នាំមុន ទោះបីជាមានពន្ធគយក៏ដោយ៕

