កូរ៉េខាងត្បូង និងជប៉ុន ព្រមព្រៀងធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ

សេអ៊ូល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានព្រមព្រៀងធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ហើយគ្រោងធ្វើការរួមគ្នា ដើម្បីបញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រព័ន្ធអាវុធគ្មានមនុស្សបើក។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិទាំងពីរ បានជួបពិភាក្សាក្នុងទីក្រុង Yokosuka ប្រទេសជប៉ុន ហើយបានយល់ព្រមរៀបចំសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នានៃកងទ័ពជើងទឹក។
លោក Ahn និង Koizumi ក៏បានពិភាក្សាអំពីការធ្វើការដើម្បីធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ ចំពោះមុខបញ្ហាប្រឈមនៃបរិយាកាសសន្តិសុខពិភពលោក និងការបន្តកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក។
កិច្ចពិភាក្សានេះ អនុវត្តតាមស្មារតីនៃជំនួប កាលពីខែកញ្ញា ឆ្នាំមុន។ ក្នុងរយៈពេលថ្មីចុងក្រោយនេះ សម្ព័ន្ធមិត្តអាស៉ីទាំងពីររបស់សហរដ្ឋអាមេរិក កាន់តែខិតជិតគ្នាក្នុងទំនាក់ទំនងនយោបាយ នៅក្រោមអាណត្តិរបស់មេដឹកនាំថ្មី៕

