អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះជួបសួរសុខទុក និងផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំទីទួលសុវត្ថិភាពចុងកាល់ចំនួន ៩១គ្រួសារ

ឧត្តរមានជ័យ៖ លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ និងជាប្រធានជំរុំចុងកាល់ បានជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំទីទួលសុវត្ថិភាពចុងកាល់ មានចំនួន ៩១គ្រួសារ ដែលគ្រួសារទាំងនោះទទួលបានអំណោយរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ។
នៅក្នុងពិធីសំណេះសំណាលនេះ លោក គង់ កន្នារិទ្ធ អភិបាលរងខេត្ត និងជាប្រធានជំរុំចុងកាល់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យ និង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្ដរមានជ័យ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំទីទួលសុវត្ថិភាពចុងកាល់។
លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តបន្តថា សង្គ្រាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា លើកទី១រយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥) និងលើកទី២ រយះពេល២១ថ្ងៃ (ពីថ្ងៃទី៧- ២៧ ខែធ្នូ ឆ្នាំ២០២៥) បានបង្ហាញនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជា ជាពិសេសភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខ បានធ្វើឲ្យសត្រូវខ្លាបខ្លាចហើយប្រជាពលរដ្ឋខ្មែរនូវគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសគាំទ្រ និងជឿជាក់ ទាំងស្រុងលើសមត្ថភាពបទពិសោធន៍ និងឆន្ទះស្នេហាជាតិដ៏មោះមុតរបស់វីរកងទ័ពកម្ពុជា ព្រមទាំងបានរួបរួមសាមគ្គីគ្នា ពង្រឹងខឿនការពារជាតិរបស់ប្រជាជន ជឿជាក់ និងគាំទ្ររាជរដ្ឋា ភិបាលរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងបានចូលរួមចមណែកផ្ដល់នូវស្បៀង អាហារ សម្ភារ និងថវិកា យ៉ាងច្រើនជួយដល់វីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។
លោកបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី មិនទុកឱ្យកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក គ្រួសារកងទ័ពណាម្នាក់ចោលឡើយពោលគឺតែងតែគិតគួរជាប់ជានិច្ច ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕
