អភិបាលខេត្តឧត្តរមានជ័យ៖ សុខទុក្ខ និងសុវត្ថិភាពរបស់បងប្អូនជនភៀសសឹក នៅតែជាអាទិភាពខ្ពស់បំផុត ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់

ឧត្តរមានជ័យ៖ ក្រោមការចង្អុលបង្ហាញពីសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលជាជនភៀសសឹក រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំកិច្ចប្រជុំពិភាក្សា និងស្តាប់បទបង្ហាញអំពីនីតិវិធីប្រតិបត្តិគ្រប់គ្រង ទីទួលសុវត្ថិភាព (SOP) ក្រោមវត្តមាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ក្នុងនោះក៏មានការចូលរួមពីលោកឧកញ៉ា ស គីណាល់ ជំនួយការសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី រួមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ជុំវិញផងដែរ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបង្កើតយន្តការឆ្លើយតបសមស្របក្នុងការ ត្រៀមលក្ខណៈឱ្យបានស្រេចបាច់ ចំពោះមុខសញ្ញាគ្រោះអាសន្ន ឬស្ថានភាពភៀសសឹកជាយថាហេតុ ជាពិសេសបង្កើនការគ្រប់គ្រងជម្រកឱ្យមានសណ្ដាប់ធ្នាប់ អនាម័យ និងសុវត្ថិភាពខ្ពស់សម្រាប់កុមារ ស្ដ្រី និងមនុស្សចាស់ រួមទាំង ធានាឱ្យបាននូវការផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាត និងសេវាសុខាភិបាលឱ្យបានទាន់ពេលវេលាបំផុត និងការភ្ជាប់ទំនាក់ទំនងរវាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញ ដើម្បីឆ្លើយតបនឹងសភាពការណ៍បានរហ័សផងដែរ៕

