ក្រសួងការងារ នាំឱកាសការងារជាង ២ពាន់កន្លែងជូនដល់អតីតពលករ និងយុវជនក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ”នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីនាំយកឱកាសការងារដោយផ្ទាល់ជូនដល់អតីតពលករ និងយុវជនក្នុងមូលដ្ឋាន។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនោះ ឯកឧត្តម សាន គឹមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវដំណឹងដ៏រីករាយដោយបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុន សហគ្រាស និងរោងចក្រចំនួន ៥ កំពុងផ្ដល់ឱកាសការងារសរុបចំនួន ២ ៦៥០ កន្លែង លើមុខជំនាញផ្សេងៗគ្នា។ វេទិកានេះបានទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងយុវជនចូលរួមប្រមាណ ៥០០ នាក់ ដើម្បីស្វែងរកការងារធ្វើភ្លាមៗ និងចុះឈ្មោះចូលរៀនជំនាញ TVET។
ទន្ទឹមនឹងការផ្ដល់ការងារ ឯកឧត្តមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើការងារក្នុងស្រុក ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនតាមរយៈរបបសន្តិសុខសង្គម (ប.ស.ស.) រួមមានការថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារជាដើម។ ការងារក្នុងស្រុកមិនត្រឹមតែជួយឱ្យបងប្អូនបានរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបងប្អូនឱ្យចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស និងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទៀតផង។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តយ៉ាងមុតមាំដល់យុវជន និងបងប្អូនពលករ ឱ្យចាប់យកឱកាសការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ (TVET 1.5M) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលខ្ពស់នាពេលអនាគត។ នេះគឺជាគោលនយោបាយចម្បងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងផ្តល់ជំនាញTVET យ៉ាងតិចមួយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕
