អនុប្រធានទី២ព្រឹទ្ធសភា លើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន ខិតខំលើកិច្ចការសេដ្ឋកិច្ច សណ្តាប់ធ្នាប់ និងលុបបំបាត់ការឆបោក (scams)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (ភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសរុបចំនួន១២៥នាក់ មកពីសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត បានកោតសរសើរថ្នាក់ដឹកនាំសង្កាត់ និងខណ្ឌដូនពេញទាំងអស់ ដែលខិតខំអភិវឌ្ឍមូលដ្ឋាន ទាក់ទាញបាននូវភ្ញៀវទេសចរជាច្រើន ដោយខណ្ឌដូនពេញ គឺជាបេះដូងនៃរាជធានីភ្នំពេញ សម្បូរទៅដោយតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដូចជាព្រះបរមរាជវាំង វត្តភ្នំ ផ្សារថ្មី និងតំបន់ពាណិជ្ជកម្មជាច្រើនទៀត។ អាជ្ញាធរខណ្ឌ និងសង្កាត់ ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ លុបបំបាត់ការឆបោកអនឡាញ(on-line scams) ដើម្បីទំនុកចិត្តពីអ្នកទេសចរ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន ឱ្យកាន់តែរស់រវើក។
នៅចុងបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាសង្កាត់ និងអ្នកចូលរួម តាមដាននិងអនុវត្តនូវការសន្យា ដែលសមាជិកក្រុមប្រឹក្សាសង្កាត់បានសន្យាក្នុងអំឡុងពេលបោះឆ្នោតកន្លងមក៕

