លោក ដូណាល់ ត្រាំ អះអាងថាប្រធានាធិបតីរុស្ស៉ី លោក ពូទីន យល់ព្រមទទួលយកការអញ្ជើញចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដែលមានគោលដៅដោះស្រាយជម្លោះសកល

Reuters៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២១ ខែមករា បានអះអាងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមទទួលយកការអញ្ជើញរបស់លោក ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដែលមានគោលដៅដោះស្រាយជម្លោះសកល។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេស្វ៊ីស នៅបន្ទាប់ពីជំនួបជាមួយប្រមុខ NATO លោក Mark Rutte លោក ត្រាំ បានគូសបញ្ជាក់ថា «គាត់ (លោក ពូទីន) ត្រូវបានអញ្ជើញ។ គាត់បានយល់ព្រមទទួលយកការអញ្ជើញ»។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយការលើកឡើងរបស់លោក ត្រាំ លោក ពូទីនបានប្រាប់ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ីនៅឯក្រសួងការបរទេសរុស្ស៉ីថាទីក្រុងកំពុងសិក្សាពីការអញ្ជើញឱ្យចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាពនៅឡើយ ហើយថានឹងផ្ដល់ចម្លើយនៅពេលក្រោយ៕
