រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី៖ អាស៊ាននឹងមិនបញ្ជូនក្រុមអ្នកសង្កេតការណ៍ ទៅចូលរួមពិនិត្យដំណើការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាឡើយ

គូឡាឡាំពួ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី បាននិយាយថា អាស៊ាននឹងមិនបញ្ជូនក្រុមអ្នកសង្កេតការណ៍ ទៅចូលរួមពិនិត្យដំណើការបោះឆ្នោតសកល ៣ដំណាក់ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ាឡើយ ដូច្នេះហើយ នឹងមិនទទួលស្គាល់ការបោះឆ្នោតនោះទេ។
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan បាននិយាយថា អាស៊ានបានបដិសេធសំណើរបស់របបសឹកមីយ៉ាន់ម៉ា ដែលចង់ឱ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត ប៉ុន្តែរដ្ឋជាសមាជិកមួយចំនួន បានសម្រេចចិត្តធ្វើយ៉ាងដូច្នេះដោយខ្លួនពួកគេផ្ទាល់។
ឆ្លើយតបសំណួរបស់សមាជិកសភាម៉ាឡេស៉ី ស្តីពីគោលជំហររបស់ប្រទេសម៉ាឡេស៉ី និងអាស៊ាន ចំពោះការបោះឆ្នោតនៅមីយ៉ាន់ម៉ា លោក Hasan បាននិយាយដូច្នេះថា «យើងធ្លាប់អះអាងហើយថា អាស៊ាននឹងមិនបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅទេ ហេតុដូច្នេះ យើងនឹងមិនទទួលស្គាល់ការបោះឆ្នោត នោះឡើយ»។
មីយ៉ាន់ម៉ាត្រូវបានញាំញីដោយជម្លោះ ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៉ីវិល កាលពីឆ្នាំ២០២១ ហើយសង្រ្គាមស៉ីវិលនៅក្នុងប្រទេស បានបន្តអូសបន្លាយមកទល់ ពេលនេះ។ ក្រោយពន្យារពេលជាច្រើនលើក ទីបំផុតការបោះឆ្នោតសកល ត្រូវបានរៀបចំឡើងជាលើកដំបូង គិតចាប់តាំងពីរដ្ឋប្រហារយោធា ដោយការបោះដំណាក់កាលដំបូង បានប្រព្រឹត្តទៅ កាលពីខែធ្នូ ឆ្នាំមុន ប៉ុន្តែវាត្រូវបានរិះគន់ដោយអង្គការសហប្រជាជាតិ និងក្រុមប្រទេសលោកខាងលិច ក៏ដូចជាអង្គការសិទ្ធិមនុស្សថា ជាការបោះឆ្នោតក្លែងក្លាយមួយ ដែលបម្រើជាឧបករណ៍សម្រាប់ផ្តល់ភាពស្របច្បាប់ដល់របបសឹក តាមរយៈគណបក្សដែលគាំទ្រ ដោយយោធា។
គួរបញ្ជាក់ថា អត្រាអ្នកចូលរួមការបោះឆ្នោត គឺស្ថិតក្នុងចំនួនដ៏ទាបបំផុតមួយ ខណៈការបោះឆ្នោតដំណាក់កាលទី២ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី១១ ខែមករា ហើយគណបក្ស Union Solidarity and Development ដែលគាំទ្រដោយរដ្ឋាភិបាលយោធា កំពុងនាំមុខគេ ក្រោយឈ្នះរហូតដល់៨៨ភាគរយ នៃអាសនៈនៅរដ្ឋសភា ដែលត្រូវបានប្រកួតប្រជែងយក ក្នុងការបោះឆ្នោត ដំណាក់កាលទី១។ សម្រាប់ការបោះឆ្នោតដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ត្រូវបានគ្រោងរៀបចំឡើងនៅថ្ងៃទី២៥ ខែមករា៕

