ពន្ធនាគារខេត្តបន្ទាយមានជ័យ បន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតចំនួន១១នាក់ ស្រី២នាក់

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នាសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតចំនួន១១នាក់ ក្នុងនោះស្រី២នាក់ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកឃូ ពៅ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត តំណាង ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ឧត្តមអគ្គារនុរក្សលេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាក់ថា ការបន្ធូរបន្ថយទោសនិងលើកលែងទោសនេះ គឺអនុវត្តទៅតាមច្បាប់ពន្ធនាគារដែលមានការកំណត់ទៅតាមច្បាប់ ហើយទណ្ឌិតទាំងអស់ត្រូវតែអប់រំ កែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ ក្រោមការគ្រប់គ្រងរបស់មន្ត្រីអនុរក្សពន្ធនាគារ នៅពេលដែលបងប្អូនបានអប់រំ កែប្រែខ្លួនហើយក្លាយខ្លួនជាមនុស្សល្អ ក្រុមការងារគណៈកម្មាធិការថ្នាក់ខេត្តប្រជុំវាយតម្លៃរួចហើយបញ្ជូនឈ្មោះទៅថ្នាក់ជាតិ បន្ទាប់មកថ្នាក់ជាតិវាយតម្លៃរួចបានឈានដល់ការចេញព្រះរាជក្រឹត្យ បន្ធូរបន្ថយទោសនិងលើកលែងទោស ជាក់ស្តែងក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៦ ព្រះរាជក្រឹត្យបានប្រកាសបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតចំនួន១១នាក់ ក្នុងនោះស្រី២នាក់ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យនេះ។
នាឱកាសនោះដែរ លោកឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានផ្តាំផ្ញើដល់ទណ្ឌិតទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាគឺអប់រំ កែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ នៅពេលដែលអនុវត្តទោសច្បាប់ពេលចេញទៅសហគមន៍វិញទៅរស់នៅជាមួយក្រុមគ្រួសារត្រូវគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដោយប្រព្រឹត្តតែអំពើល្អដែលសង្គមគេទទួលស្គាល់ កុំឲ្យមានមុខនៅក្នុងពន្ធនាគារជាលើកទី២ទៀតនោះ គឺត្រូវតែខិតខំកែប្រែខ្លួនជាពលរដ្ឋល្អក្នុងសង្គម ដើម្បីកសាងគ្រួសារមួយដ៏ល្អត្រឹមត្រូវជួយឲ្យប្រទេសជាតិយើងមានសុខ សុវត្ថិភាពនិងមានការរីកចម្រើន៕

