អភិបាលខេត្តពោធិ៍សាត់ អំពាវនាវគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ត្រូវពង្រឹង និងគិតគូរពីការដឹកនាំចលនារៀបចំបរិស្ថានសិក្សាឱ្យបានស្អាតល្អ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ក្រៅពីកិច្ចការងារផ្ទេរចំណេះដឹងដល់សិស្សានុសិស្សហើយនោះ, ត្រូវពង្រឹង និងគិតគូរពីការដឹកនាំចលនារៀបចំបរិស្ថានសិក្សាឱ្យបានស្អាតល្អ ព្រោះថា ការរៀបចំបរិស្ថានសិក្សា គឺជាកត្តាជំរុញដ៏សំខាន់ ដែលធ្វើឱ្យសិស្សចង់រៀន និងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចបណ្តុះបំនិន ដល់សិស្សបានកាន់តែប្រសើរឡើង។
ឯកឧត្តម បានអំពាវនាវបែបនេះក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទូទាំងស្រុកកណ្តៀង ចំនួន៦០៦នាក់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត, លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, លោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុត ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងស្រុកកណ្តៀងទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងបង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងសីលធម៌ដ៏ល្អប្រសើរ៕

