បេក្ខជន៣រូបស្នើពិនិត្យសន្លឹកកិច្ចការរបស់ខ្លួនក្រោយការប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១២

ភ្នំពេញ៖ អនុលោមតាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្រោយការប្រកាសលទ្ធផល បេក្ខជនអាចស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន។ ជាក់ស្តែងការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល មានបេក្ខជនចំនួន៣រូបបានដាក់ពាក្យស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន។
បន្ទាប់ពីការពិនិត្យទៅលើសន្លឹកកិច្ចការរបស់បេក្ខជននីមួយៗដោយល្អិតល្អន់ និងមានការបកស្រាយបញ្ជាក់ទៅលើមន្ទិលសង្ស័យរបស់បេក្ខជន ពីក្រុមការងារជំនាញរួចមក បេក្ខជនទាំងអស់បានបង្ហាញការពេញចិត្ត ឯកភាពទទួលស្គាល់ទៅលេីកំណែសន្លឹកកិច្ចការរបស់ខ្លួន។
ទន្ទឹមនោះ បេក្ខជនបានថ្លែងអំណរអរគុណដល់ក្រសួងមុខងារសាធារណៈ ដែលបានខិតខំរៀបចំការប្រឡងប្រជែងប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយទទួលយកបាន ស្របតាមពាក្យស្លោករបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីគឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

