មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តសៀមរាប បន្តផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ជូនពលរដ្ឋ ពិសេសជនភៀសសឹក

សៀមរាប៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានណែនាំអាជ្ញាធរខេត្តសៀមរាប បន្តផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសជនភៀសសឹក។
ការណែនាំរបស់ ឯកឧត្តមនាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ និងការងារប្រឡងប្រណាំង ស្ដីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោក-លោកស្រី ស្នងការរង, លោកអធិការនគរបាល ក្រុង-ស្រុក ទាំង១៣, លោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលរដ្ឋបាលទាំង ១០០,បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, តំបន់ប្រតិបត្តិការសឹករងខេត្ត ,រដ្ឋបាលក្រុងស្រុក មេឃុំចៅសង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សរុបចំនួន ៣៥០នាក់ ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម សួសអង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានអញ្ជើញចលរួមក្នុងផ្តល់អនុសាសន៍សំខាន់ និងណែនាំបន្ថែមអំពីចំណុចខ្វះខាត ដែលបានអនុវត្តកន្លងមក។
លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរង បានមានមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេបជូន ឯកឧត្តមគណៈអធិបតី និងអង្គប្រជុំទាំងមូល អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនាឱកាសនោះដែល ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ វាយតម្លៃខ្ពស់ និងឯកភាព ចំពោះរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ជាមួយគ្នានោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ណែនាំបន្ថែមដូចខាងក្រោម៖
– ជំរុញលើកទឹកចិត្តដល់កម្លាំងប្រជាការពារ ផ្គត់ផ្គង់នូវឯកសណ្ឋាន ក៏ដូចជាសម្រួលដល់សេវាសាធារណៈផ្សេងៗ ជូនដល់គាត់ និងក្រុមគ្រួសារ ។
– បន្តការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេស បងប្អូនជនភៀសសឹក ។
– ស្នើដល់អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ សហការចូលរួមការអនុវត្តការងារនគរបាល និងសហគមន៍ អោយកាន់តែមានភាពល្អប្រសើរឡើង ។
– លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវមានកិច្ចសហការល្អជាមួយកម្លាំងការិយាល័យជំនាញ ក្នុងការបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ពិសេសយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តដីកា អោយបានលឿន និងឆាប់រហ័ស ។
– លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចុះធ្វើរដ្ឋបាលចំហ ឲ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម និងយកចិត្តទុកដាក់លើបញ្ហា ក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង និងបទល្មើសផ្សេងៗទៀតដែលអាចកើតមានក្នុងមូលដ្ឋានផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងទាំងអស់ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ត្រូវពង្រឹងសមត្ថភាពកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារទាំងអស់ ខិតខំបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ អោយកាន់តែមានភាពល្អប្រសើរឡើង៕

