វ៉េណេស៊ុយអេឡា បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងដាក់ទោសជាប់ពន្ធនាគាររយៈពេលវែងលើពលរដ្ឋ ដែលគាំទ្រចំណាត់ការបិទខ្ទប់របស់អាមេរិក ទៅលើនាវាដឹកប្រេងដែលទីក្រុងការ៉ាកាស ចាត់ទុកជាអំពើលួច

ការ៉ាកាស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៣ ខែធ្នូ រដ្ឋសភាវ៉េណេស៊ុយអេឡា បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងដាក់ទោសជាប់ពន្ធនាគាររយៈពេលវែងលើពលរដ្ឋ ដែលគាំទ្រចំណាត់ការបិទខ្ទប់របស់សហរដ្ឋអាមេរិក ទៅលើនាវាដឹកប្រេងដែលទីក្រុងការ៉ាកាស ចាត់ទុកជាអំពើលួច។
តាមច្បាប់ថ្មីនេះ ជនជាតិវ៉េណេស៊ុយអេឡារូបណា ដែលត្រូវបានរកឃើញថា គាំទ្រចំណាត់ការបិទខ្ទប់ប្រេងពីសំណាក់បរទេស នឹងត្រូវជាប់ពន្ធនាគារពី ១៥ ទៅ ២០ឆ្នាំ រួមជាមួយការពិន័យជាប្រាក់លើសពី ១លានដុល្លារ។ វាក៏រួមបញ្ចូលនូវបទប្បញ្ញត្តិ ដែលមានគោលបំណងការពារប្រតិបត្តិករពាណិជ្ជកម្ម ដែលរងផលប៉ះពាល់ដោយវិធានការបិទខ្ទប់នាវាដឹកប្រេងវ៉េណេស៊ុយអេឡា ពីសំណាក់សហរដ្ឋអាមេរិក រួមទាំងការទទួលបានជំនួយផ្នែកច្បាប់ដែលឧបត្ថម្ភដោយរដ្ឋផងដែរ។
ច្បាប់នេះត្រូវបានដាក់ចេញចំពេល ដែល មានភាពតានតឹងកាន់តែខ្លាំងរវាង ក្រុង វ៉ាស៉ីនតោន និងរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro ក្រោយសហរដ្ឋអាមេរិកធ្វើសកម្មភាពជាបន្តបន្ទាប់ផ្តោត លើការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា៕

