តំណាងក្រសួងការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរបុរស សៅ វីរៈដារ៉ា ដែលពលីជីវិតការពារជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី សៅ វីរៈដារ៉ា។
លោកវរសេនីយ៍ត្រី សៅ វីរៈដារ៉ា បម្រើការងារនៅកងពលធំអន្តរាគមន៍លេខ៣ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានពលីជីវិត កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៧ឆ្នាំ ក្នុងពេលបំពេញកាតព្វកិច្ចលើសមរភូមិ ដើម្បីការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់យោធាថៃ។
ក្នុងនាមក្រសួងការងារ ឯកឧត្តមរដ្ឋលេខាធិការ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងនេះជាមួយគ្រួសារនៃសព ដោយបានចាត់ទុកថា នេះគឺជាគំរូវីរភាពដ៏អង់អាចក្លាហានដើម្បីការពារជាតិមាតុភូមិ។
ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រី អៀន ពិសី ជាភរិយា ឯកឧត្តមក៏បាននាំយកបច្ច័យរបស់ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមពិធីបុណ្យផងដែរ និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី សៅ វីរៈដារ៉ា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

