រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីបើកកិច្ចពិភាក្សាសំដៅជំរុញ ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៉ីជម្រៅ

កង់បេរ៉ា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសអូស្រ្តាលី លោក Richard Marles នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីជួបសមភាគីរបស់លោក គឺលោក Shinjiro Koizumi ហើយបើកកិច្ចពិភាក្សាសំដៅជំរុញ ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៉ីជម្រៅ។
ក្នុងសេចក្តីថ្លែងការណ៍មុនដំណើរបំពេញទស្សនកិច្ច ដែលនឹងមានរយៈពេល២ថ្ងៃ លោក Marles បាននិយាយដូច្នេះថា «ទំនាក់ទំនងយើងជាមួយជប៉ុន បន្តរីកលូតលាស់ទៅមុខកាន់តែខ្លាំងជាលំដាប់ ដែលគាំទ្រដោយគោលជំហរយុទ្ធសាស្រ្តស្របគ្នា ព្រមទាំងមហិច្ឆតា និងសក្តានុពលរួម»។
រីឯលោក Koizumi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «អំឡុងជំនួបនេះ យើងគ្រោងចែករំលែកការយល់ដឹង អំពីស្ថានការណ៍ក្នុង តំបន់រវាងប្រទេសទាំងពីរ ហើយបើកកិច្ចពិភាក្សាច្បាស់លាស់ ដើម្បីជំរុញវឌ្ឍនភាពបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិជប៉ុន-អូស្រ្តាលី»។
កាលពីខែសីហា អូស្រ្តាលីបានផ្តល់កិច្ចសន្យាទំហំ៦ .៥ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនជប៉ុន Mitshubishi Heavy Industries ដើម្បីផលិតនាវាចម្បាំងឱ្យទីក្រុងកង់បេរ៉ា ដែលនោះគឺជាកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់ មួយសម្រាប់ ទីក្រុងតូក្យូ គិតចាប់តាំងពីការដកបម្រាមនាំចេញបរិក្ខារយោធា កាលពីឆ្នាំ២០១៤ នៅពេលដែលប្រទេសអាស៉ីបូព៌ាមួយនេះ ចាប់ផ្តើមបោះជំហាន ចេញពីគោលការណ៍សន្តិនិយមក្រោយសម័យសង្រ្គាមលោក។
គួរបញ្ជាក់ថា បើតាមលោក Koizumi អំឡុងទស្សនកិច្ចខាងលើ លោក Marles នឹងទៅធ្វើទស្សនកិច្ចនៅកន្លែងសាងសង់នាវា របស់ក្រុមហ៊ុន Mitshubishi Heavy Industries ដែលស្ថិតក្នុងទីក្រុង Nagasaki ភាគខាងត្បូងប្រទេសជប៉ុន៕

