ក្រុមប្រឹក្សាខេត្តសៀមរាប ដំណេីរការកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ខ្លួនស្របតាមប្រតិទិនដែលបានអនុម័ត

សៀមរាប៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប បានរៀបចំដំណេីរការកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជានាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និង អាជ្ញាធរក្រុង ស្រុកចូលរួមផងដែរ ។
ក្នុងកិច្ចប្រជុំទាំងមូលបានធ្វើកិច្ចពិភាក្សា យ៉ាងល្អិតល្អន់ទៅតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះបានផ្តោតសំខាន់ទៅលើការងារហេដ្ឋារចនាសម្ព័ន្ធជនបទ ការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលភូមិ ឃុំ ស្រុក និង ភាពអណាធិបតេយ្យការលែង គោ ក្របី សត្វសុខន នៅតាមដងផ្លូវសាធារណៈ និង ការដឹកលើសទម្ងន់ធ្វើឲ្យខូចផ្លូវជនបទ។
ឯកឧត្តម លី សំរិទ្ធ បានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផលប្រចាំខែវិច្ឆិការបស់រដ្ឋបាលខេត្តសៀមរាបអនុវត្តបាន។ ក្នុងនោះឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់រដ្ឋបាល ក្រុង ស្រុក ត្រូវមានកិច្ចសហការគ្នាឱ្យបានល្អ លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីស្រុក ទៅស្រុក ,ឃុំ ទៅ ឃុំ ព្រមទាំងធ្វើការត្រួតពិនិត្យឡើងវិញ ពីបញ្ហាព្រំប្រទល់រដ្ឋបាល ភូមិឃុំ ទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ។ ឯកឧត្តម ក៏បានឱ្យរដ្ឋបាលក្រុង ស្រុក ត្រួតពិនិត្យចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន ដែលមានអត្តសញ្ញាណបណ្ណអស់សុពលភាពត្រូវជំរុញ និងកៀរគរពួកគាត់ឱ្យទៅធ្វេីអត្តសញ្ញាណបណ្ណឡេីងវិញ។
ឯកឧត្តម លី សំរិទ្ធ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់រដ្ឋបាលក្រុង ស្រុង ដើមី្បបំបាត់នូវភាព អណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ដែលតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ ធ្វើឱ្យរងរបួស ពិការ និង ស្លាប់មនុស្ស ដោយការមិនទទួលខុសត្រូវចំពោះសត្វពាហនៈ និង សុខនរបស់ខ្លួន ដែលបានប្រលែងនៅតាមផ្លូវសាធារណៈនោះ។
ឯកឧត្តមក៏បានជម្រុញដល់រដ្ឋបាលក្រុង ស្រុង ត្រូវក្តាប់ឱ្យនូវរាល់តម្រូវការនិង សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខ្លួន ព្រមទាំងជម្រុញដល់ប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចសង្គមជាតិ។
លោក នាក់ ណេរ៉ុន ក៏បានឯកភាពទៅនឹងអនុសាសន៍របស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងគោលដៅអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក និង បានជម្រុញរដ្ឋបាលក្រុង ស្រុក ត្រូវយករាល់អនុសាសន៍ដែល បានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩នេះ ទៅអនុវត្ត ព្រមទាំងរាល់បញ្ហាភាពអណាធិបតេយ្យ ដែលបង្កឡើងដោយសត្វពាហនៈ និង សត្វសុខន នៅតាមដងផ្លូវសាធារណៈ ដើមី្បកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរ ពីការធ្វើប្រតិភូកម្ម ក្នុងការផ្ទេរមុខងារសុខាភិបាល ដល់ក្រុង ស្រុក គឺជាលក្ខណៈល្អបំផុត៕

